មន្ត្រីក្នុងតំបន់បាននិយាយថា ខ្យល់ព្យុះបានបោកបក់កាត់ខេត្តឆ្នេរសមុទ្រ ក្វាហ្ស៊ូលូ-ណាតាល់ (KwaZulu-Natal) នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃចន្ទ (០៣ មិថុនា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។

វីដេអូដែលថតដោយយានដ្រូនកាលពីថ្ងៃអង្គារ (០៤ មិថុនា) នៅភូមិ តុងហ្កាត (Tongaat) នៃប្រទេសអាហ្វ្រិកខាងត្បូង បានបង្ហាញអ្នកស្រុកកំពុងរុះរើកំទេចកំទីដែលរាយប៉ាយជុំវិញលំនៅឋានដែលរងការខូចខាត ដោយព្យាយាមរើសយករបស់របរដែលនៅសេសសល់។
អ្នកស្រុកម្នាក់នៅក្នុងភូមិនេះ ថតបាននូវសកម្មភាពពពកវិលដ៏ខ្មៅងងឹតដែលស្រដៀងនឹងព្យុះកួច ហើយបាននិយាយថាវាកំពុងរំកិលទៅលើភូមិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប្រមុខខេត្ត ក្វាហ្ស៊ូលូ-ណាតាល់ លោក ណូមូសា ឌូបេ-ឃូបេ (Nomusa Dube-Ncube) ដោយនិយាយថាចំនួនអ្នកស្លាប់អាចកើនឡើងបន្តទៀត ហើយមានអ្នកស្លាប់ចំនួន ១១ នាក់ ត្រូវបានរាយការណ៍មកទល់ពេលនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សេវាអាកាសធាតុជាតិបានចេញការព្រមានកម្រិតទី៤ សម្រាប់ភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់។ សេវាសង្គ្រោះបាននិយាយថា បាតុភូតអាកាសធាតុដ៏អាក្រក់នេះបានបណ្តាលឱ្យលំនៅឋានជាច្រើនខ្នងត្រូវបានបំផ្លាញ ហើយមនុស្សម្នាត្រូវផ្លាស់ទៅកន្លែងសុវត្ថិភាព៕

