យោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ (UNOSAT) កាលពីថ្ងៃចន្ទ (០៣ មិថុនា) បានឱ្យដឹងថា ជាងពាក់កណ្តាលនៃរចនាសម្ព័ន្ធទាំងអស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញ ឬខូចខាត ចាប់តាំងពីជម្លោះបច្ចុប្បន្នរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក។

មជ្ឈមណ្ឌលផ្កាយរណប UNOSAT បាននិយាយនៅលើបណ្ដាញសង្គម X ដែលកាលពីមុនឈ្មោះ ធ្វីតធឺ (Twitter) ថា ពួកគេបានរកឃើញថាអគារជាង ១៣៧.០០០ ខ្នងនៅតំបន់ហ្កាហ្សា ត្រូវបានរងផលប៉ះពាល់នៅពេលប្រៀបធៀបរូបភាពផ្កាយរណបដែលបានថតនៅក្នុងខែឧសភា ឆ្នាំនេះ ជាមួយនឹងរូបភាពដែលបានថតនៅមុន និងក្រោយការផ្ទុះជម្លោះ។

អង្គការនេះបន្ថែមថា រចនាសម្ព័ន្ធសរុបចំនួន ១៣៧.២៩៧ ទីតាំង ឬប្រហែល ៥៥ ភាគរយនៃចំនួនសរុបនៅក្នុងតំបន់ហ្កាហ្សា ត្រូវបានរងផលប៉ះពាល់។ ទីក្រុង ឌើ អាល់បាឡា (Deir Al-Balah) នៅភាគកណ្តាល និងទីក្រុងហ្កាហ្សា នៅភាគខាងជើង បានទទួលការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតរវាង ថ្ងៃទី០១ ខែមេសា និងថ្ងៃទី០៣ ឧសភា នេះបើតាមមជ្ឈមណ្ឌល UNOSAT ។
ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ការរកឃើញនេះនៅតែជាផ្នែកមួយនៃការវិភាគបឋមប៉ុណ្ណោះ ដែលមិនទាន់មានសុពលភាព។ អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា លោក ថ័រ វិននីសលែន (Tor Wennesland) បាននិយាយថា លោកបានចុះទៅពិនិត្យតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ និងបានមើលឃើញពីផលប៉ះពាល់ដ៏ធំធេងនឹកស្មានមិនដល់នៃជម្លោះដ៏បង្ហូរឈាមនេះ៕