បាល់ទាត់៖ រូបមួយផ្ទាំងធំរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅចំពីមុខកីឡដ្ឋាន Nou Camp របស់ Barcelona ត្រូវបានរើចេញហើយក្រោយពីការប្រកាសចាកចេញ និងស្របនឹងដំណឹងផ្ទេរទៅកាន់ក្លិបបារាំង Paris Saint Germain ចេញជារូបរាង។

Lionel Messi បានចុះកិច្ចសន្យាពីរឆ្នាំលេងឱ្យក្លិបបារាំង Paris Saint Germain និងបានហោះហើរពីទឹកដីអេស្ប៉ាញមកកាន់ទឹកដីបារាំងហើយ។ កាលពីថ្ងៃអាទិត្យ Barcelona បានរៀបចំសន្និសីទសារព័ត៌មានចុងក្រោយដល់ Lionel Messi ខណៈកីឡាករអាហ្សង់ទីនរូបនេះបាននិយាយទាំងទឹកភ្នែកចំពោះការចាកចេញនេះ។ កិច្ចព្រមព្រៀងកិច្ចសន្យាថ្មីរវាង Messi និង Barcelona គ្មានបញ្ហាឡើយតែដោយសារច្បាប់ហិរញ្ញវត្ថុតឹងរ៉ឺងរបស់ La Liga ដែលធ្វើឱ្យដំណើរការនៃការបន្តកិច្ចសន្យានេះមិនអាចទៅរួច។
Lionel Messi គឺជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Barcelona ដោយរកបានសរុប ៦៧២គ្រាប់ ឈ្នះពាន La Liga ១០លើក, UEFA Champions League ៤លើក, Copa del Rey ៧លើក ក៏ដូចជាឈ្នះពានឯកត្តជន Ballon d’Or ៦លើកច្រើនជាងគេ៕
អត្ថបទ៖នាង សុភាវុធ