លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ការប្រើប្រាស់អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី គឺជាការសម្រេចចិត្តដ៏សំខាន់ដែលនឹងប៉ះពាល់ដល់អាកាសចរណ៍យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ និងសមត្ថភាពរបស់ខ្លួនក្នុងប្រតិបត្តិការនៅតំបន់ព្រំដែន។

បន្ទាប់ពីមានសម្ពាធពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន សហរដ្ឋអាមេរិក បានយល់ព្រមកាលពីសប្តាហ៍មុនដើម្បីផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន និងអនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារខាងក្នុងប្រទេសរុស្ស៊ីដោយប្រើអាវុធរបស់លោកខាងលិច ដែលជាផ្នែកនៃយុទ្ធនាការរបស់ខ្លួនដើម្បីប្រឆាំងនឹងការវាយលុកពេញលេញរបស់រុស្ស៊ី។

ទីក្រុងគីវ បាននិយាយថា ជំហាននេះនឹងជួយរុញច្រានការវាយរុលរបស់រុស្ស៊ី ឱ្យថយក្រោយ និងការពារទឹកដីបានកាន់តែល្អប្រសើរនៅក្នុងតំបន់ខាគីវ (Kharkiv) ភាគឦសាន។ អ៊ុយក្រែន បានកំណត់គោលដៅជាញឹកញាប់លើតំបន់កាន់កាប់ គ្រីម៉េ ( Crimea) ដែលរុស្ស៊ី បានដាក់បញ្ចូលក្នុងឆ្នាំ២០១៤ ដោយអាវុធផលិតដោយលោកខាងលិច។
ប៉ុន្តែដោយសារសព្វាវុធ និងទាហាននៅសមរភូមិមានចំនួនតិចខ្លាំងពេកនោះ រដ្ឋធានីគីវ បានអង្វរករទីក្រុងវ៉ាស៊ីនតោន ឱ្យអនុញ្ញាតឱ្យុខ្លួនវាយលុកលើទឹកដីរុស្ស៊ី ដោយអាវុធផលិតដោយអាមេរិក ខណៈក្រុងមូស្គូ បានបើកសមរភូមិមុខថ្មីនៅតំបន់ខាគីវ ភាគឦសាន៕
