ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចុះហត្ថ លេខាលើអនុស្សារណៈ នៃការយោគយល់គ្នារវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈតាម ប្រព័ន្ធវីដេអូ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាខាងលើនេះ ភាគីកម្ពុជា មានលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាហត្ថលេខី តំណាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងភាគីព្រុយណេ មានឯកឧត្តម MAJOR GENRAL (Rtd.) DATO PADUKA SERI HAJI AMINUDDIN IHSAN BIN PEHIN ORANG KAYA SAIFUL MULOK DATO SERI PADUKA HAJI ABIDIN រដ្ឋមន្រី្តក្រសួងវប្បធម៌ យុវជន និងកីឡា ជាហត្ថលេខីតំណាងតាងនាម ព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម។ គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ព្រុយណេ ការជម្រុញការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ លើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការវប្បធម៌ដោយផ្អែកលើគោលការណ៍ស្មើភាគគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ភាគីទាំងពីរ នឹងជម្រុញលើកទឹកចិត្ត និងសម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ ទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាលការតាំងពិព័រណ៍ការចូលរួមក្នុងសន្និសីទ វេទិកា សន្និសីទ ជំនាញ សិក្ខាសាលា មហោស្រព និងសកម្មភាពដទៃទៀតដែលរៀបចំដោយប្រទេសណាមួយក្នុងវិស័យដូចខាងក្រោម ៖
១.សិល្បៈទស្សនីយភាព, ២.សិល្បៈវិចិត្រ និងសូនរូប, ៣.ការតាំងពិព័រណ៍, ទី៤.សិល្បៈសិប្បកម្ម, ទី៥.សារមនី្ទរបុរាណវិទ្យា និងបេតិកភណ្ឌ, ទី៦.នរវិទ្យា និងជាតិពន្ទុវិទ្យា, ទី៧.បណ្ណាល័យ និងបណ្ណាសារ, ទី៨.ប្រវតិ្តសាស្រ្ត និងអក្សរសាស្រ្ត, ទី៩.ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត, ទី១០.គ្រឹះស្ថានវប្បធម៌ និងAcademics និងទី១១.ទម្រង់កិច្ចសហប្រតិបតិ្តការដទៃទៀតដែលបានព្រមព្រៀងគ្នា៕
អត្ថបទ ៖ រដ្ឋា



