នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) គ្រោងនឹងជួបសម្ព័ន្ធមិត្តនៅថ្ងៃពុធ (០៥ មិថុនា) នេះដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាល រយៈពេលមួយថ្ងៃបន្ទាប់ពីគណបក្សជាតិនិយមហិណ្ឌូរបស់លោក បានឈ្នះដោយសំឡេងភាគច្រើនស្ដួចស្ដើងនៅក្នុងសភា នៅក្នុងលទ្ធផលបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

គណបក្ស បារ៉ាទីយ៉ា ចាណាតា (BJP) របស់លោក ម៉ូឌី ទទួលបានអាសនៈចំនួន ២៤០ នៅក្នុងការបោះឆ្នោតសកល ដោយខ្វះចំនួន ៣២ អាសនៈដែលត្រូវការនៅក្នុងសភាជាន់ទាបសមាជិកចំនួន ៥៤៣ អាសនៈ ដែលធ្វើសេចក្តីសម្រេច នេះបើយោងតាមលទ្ធផលផ្លូវការដែលបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ។
លទ្ធផលនេះធ្វើឱ្យអ្នកវិនិយោគមិនសប្បាយចិត្ត ដោយភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ពីព្រោះលោក ម៉ូឌី នឹងត្រូវពឹងផ្អែកលើគណបក្សក្នុងតំបន់ផ្សេងៗទៀត ដែលភាពស្មោះត្រង់ខាងនយោបាយបានធ្លាក់ចុះអស់ជាច្រើនឆ្នាំ។ សម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដឹកនាំដោយគណបក្ស BJP របស់លោក ម៉ូឌី ទទួលបាន ២៩៣ អាសនៈ ច្រើនជាងចំនួន ២៧២ អាសនៈដែលត្រូវការ ដើម្បីបង្កើតរដ្ឋាភិបាល។

សម្ព័ន្ធបក្សប្រឆាំងរបស់ឥណ្ឌា ក៏ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃពុធ នេះនៅទីក្រុងញូវដេលី និងពិភាក្សាអំពីដំណើរនៃសកម្មភាពបន្ទាប់ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងណាមួយនៅក្នុងការបង្កើតរដ្ឋាភិបាលដោយក្រុមប្រឆាំង ទំនងជាត្រូវបានរារាំងដោយសម្ព័ន្ធមិត្តសំខាន់ពីររបស់បក្ស BJP ដែលគាំទ្រលោក ម៉ូឌី៕