គិតត្រឹមថ្ងៃបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចូលឈ្មោះសមាជិកថ្មី នៃរបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ចំនួនសរុបជាង ១៦ ម៉ឺននាក់ក្នុងនោះបុគ្គលស្វ័យនិយោជន៍ ដែលជាអ្នកប្រកបរបររកចំណូលផ្ទាល់ខ្លួន មានចំនួនជាង ១១ម៉ឺននាក់។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៤នេះ មានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា បើគិតត្រឹមរយៈពេល ១ថ្ងៃម្សិលមិញនេះ មានបុគ្គលស្វ័យនិយោជន៍ចំនួនជិត ១,៥០០នាក់ មកស្នើសុំចុះបញ្ជិកាតាមរយៈការបង់ភាគទានដោយស្ម័គ្រចិត្ត។
ឯកឧត្តមបន្តថា ចាប់តាំងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីខែវិច្ឆិកា ២០២៣កន្លងទៅ មន្រ្តីក្រុមការងាររបស់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។
ក្រុមប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នា ដែលកំពុងរងចាំទទួលបណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្តនេះ បានឲ្យដឹងថា ពួកគាត់ពិតជាមានអារម្មណ៍ថាកក់ក្តៅ និងសប្បាយចិត្តជាខ្លាំង ព្រោះធ្លាប់តែឃើញមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុនប៉ុណ្ណោះដែលអាចមានសិទ្ធិទទួលបណ្ណនេះ។ ប៉ុន្តែបច្ចុប្បន្ន ត្រឹមជាពលរដ្ឋធម្មតានិងមានមុខរបរតិចតួច ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំបណ្ណ័សមាជិក ប.ស.ស. បានដូចគ្នាដែរ។ ពួកគាត់បានឲ្យដឹងស្រដៀងគ្នាទៀតថា ប័ណ្ណ ប.ស.ស. នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគាត់ ព្រោះអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់ នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។
គិតចាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ រហូតមកដល់បច្ចុប្បន្ន របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមានសមាជិកសរុបចំនួនាជិត ២៧ម៉ឺនននាក់។
សូមជម្រាបជូនបន្ថែមទៀតថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ពេលក្លាយជាសមាជិក ប.ស.ស. មានន័យថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសព៕អត្ថបទ ឈិត បូរ៉ាវី







