ការសាងសង់ស្ពានដែលមានកម្ពស់ ខ្ពស់ជាងគេនៅកម្ពុជា បច្ចុប្បន្ននេះសម្រេចបាន៤១,៥០% ហើយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។ ស្ពាននេះឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥ មានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដាចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន៥៥តោន ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក ។
អ្នកនាំពាក្យក្រសួងសាធារណការ បានបន្តឱ្យដឹងថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ទាំងមូល សម្រេចការសាងសង់បាន៨៣,៣៦% ក្នុងនោះរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។ ហើយនៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។
គួរឱ្យដឹងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេស កម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវ សរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ ពីរស្រទាប់ (DBST) សាងសង់ស្ពាន ចំនួន ២៣កន្លែង ប្រវែង ១៧២១,៤៦ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ ។ គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មី ប្រវែងសរុប ៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញ ជាពីរនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការថែរក្សាបរិស្ថាន៕

