ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ១,៦៨២នាក់ និងយានយន្តចំនួន ៨១១គ្រឿង ហើយបានពិន័យជាប្រាក់ចំនួនជាង៤៦លានរៀល ក្នុងហេតុការណ៍៩៤១ករណី។
យោងតាមចេញសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ៩៤១ករណីដោយក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ១,៦៨២នាក់បានធ្វើការឃាត់យានយន្តចំនួន ៨១១គ្រឿងហើយធ្វើការពិន័យជាប្រាក់ចំនួន ៤៦,១០០,០០០រៀល។
សូមបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១១ ខែសីហានេះអាជ្ញាធររាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បានធ្វើការបិទបម្រាមគោចរអស់រយៈពេល១១យប់មកហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដបំប្លែងថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍ជាបន្តបន្ទាប់នោះ។
ការរឹតបន្តឹងនេះ ប្រសិនបើបុគ្គលដែលល្មើស នឹងបម្រាមគោលចរ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ។
ក្នុងការអនុវត្តបម្រាមគោចរនេះដែរ កងកម្លាំងឯកភាពរាជធានី-ខេត្ត បានធ្វើការឃាត់ខ្លួនមនុស្សរាប់ពាន់នាក់ និងយានយន្តរាប់ពាន់គ្រឿង និងមនុស្សរាប់សិបនាក់បានបញ្ជូនទៅកាន់តុលាការផងដែរ បន្ទាប់ពីពួកគេបានប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ផឹកស្រាស្រវឹងហើយបានជេរប្រមាថសមត្ថកិច្ចជាដើមនោះ៕
អត្ថបទ ៖ បាន ចក់


