ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ប្រទេសនេះនឹងចាត់វិធានការសងសឹក ប្រសិនបើភាគីមួយចំនួននៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ស្វះស្វែងរកការដាក់សម្ពាធ ឬអនុម័ត «សេចក្ដីសម្រេចប្រឆាំងនឹងទីក្រុងតេអេរ៉ង់» ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សា ដែលកំពុងបន្ត នៃអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ IAEA។

ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ អ៊ីស្លាមី (Mohammad Eslami) បាននិយាយថា អ៊ីរ៉ង់បានជូនដំណឹងដល់ភាគីផ្សេងទៀតអំពីប្រតិកម្មដ៏មានខ្លាំងក្លារបស់ខ្លួន ដោយបញ្ជាក់ថា «ប្រសិនបើភាគីផ្សេងទៀតត្រឡប់ទៅការប្តេជ្ញាចិត្តរបស់ពួកគេក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ក៏នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនដែរ»។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួមជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយទទួលយកការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្ម ប៉ុន្តែសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះកាលពីខែឧសភា ឆ្នាំ២០១៨។
លោក អ៊ីស្លាមី បន្ថែមថា អ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលនៃការកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន ដោយផ្អែកលើច្បាប់យុទ្ធសាស្ត្រដែលបានអនុម័តដោយសភារបស់ប្រទេសក្នុងឆ្នាំ២០២០ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយពន្យល់ថា វិធានការនេះត្រូវបានជំរុញដោយការបរាជ័យរបស់ភាគីផ្សេងទៀត ជាពិសេសសហរដ្ឋអាមេរិក ក្នុងការគោរពការសន្យារបស់ពួកគេក្រោមកិច្ចព្រមព្រៀងនេះ៕
