មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងរក្សាគោលនយោបាយរបស់ខ្លួននៃការមិនបញ្ជូនទីប្រឹក្សាយោធា ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ។

ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយថា ដូចដែលយើងបាននិយាយជាច្រើនដងមកហើយថា យើងគ្មានផែនការបញ្ជូនទីប្រឹក្សាយោធា ឬកងទ័ពអាមេរិក គ្រូបង្ហាត់ឲ្យទៅបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែននោះទេ។
លោក Sullivan បាននិយាយទៅកាន់អ្នកសារព័ត៌មាន ពេលធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ខណៈលោកអមដំណើរប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដើម្បីទៅចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ នៃការឡើងដីគោកជាប្រវត្តិសាស្ត្រដែលគេហៅថា D-Day នៅតាមបណ្តោយឆ្នេរ Normandy អំឡុងសង្គ្រាមលោកលើកទី២។
លោក បាននិយាយថា សហរដ្ឋអាមេរិក បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែននៅក្រៅទឹកដីប្រទេសអ៊ុយក្រែន។ ការអនុវត្តបែបនេះ កំពុងត្រូវបានធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ដែល ទាហានអ៊ុយក្រែនរាប់ពាន់នាក់ កំពុងត្រូវបានបណ្តុះបណ្តាលអំពីរបៀបប្រតិបត្តិការយុទ្ធោបករណ៍ផលិតដោយប្រទេសលោកខាងលិច។

លោក Sullivan និយាយថា យើងនឹងមានឱកាសដើម្បីនិយាយជាមួយប្រធានាធិបតីបារាំង និងក្រុមរបស់ប្រទេសបារាំងលើមូលដ្ឋានអំពីអ្វីដែលពួកគេកំពុងគិត ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុងពិចារណាពីការបញ្ជូនគ្រូបង្ហាត់ផ្នែកយោធារបស់ប្រទេសលោក ទៅកាន់ប្រទេសអ៊ុយក្រែន។