
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) គ្រោងនឹងផ្លាស់ទៅរដ្ឋធានីថ្មីរបស់ប្រទេសគឺទីក្រុង នូសានតារ៉ា (Nusantara) នៅដើមដំណាច់ខែមិថុនានេះ មុនពេលការសម្ពោធទីក្រុងដែលរំពឹងទុកក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យឯករាជ្យនៅថ្ងៃទី១៧ ខែសីហា។
គម្រោងនេះកើតឡើងនៅពេលដែលលោកស្វះស្វែងរកការធានាដល់សាធារណជនអំពីការអភិវឌ្ឍន៍នៃរដ្ឋធានីថ្មី ស្របពេលមានការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក បាមបាង ស៊ូសានតូណូ (Bambang Susantono) ប្រធានអាជ្ញាធររដ្ឋធានី នូសានតារ៉ា រួមជាមួយនឹងអនុប្រធានរបស់ខ្លួនគឺលោក ដូនី រ៉ាហាចូ (Dhony Rahajoe)។
ប្រមុខមន្រ្តីបច្ចេកទេសទាំងពីររូបនេះទទួលបន្ទុកត្រួតពិនិត្យការអភិវឌ្ឍន៍គម្រោងដ៏ធំរបស់រដ្ឋធានីថ្មី។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅឋាន លោក បាស៊ូគី ហាឌីម៉ូលចូណូ (Basuki Hadimuljono) បានប្រាប់សារព័ត៌មានមួយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា លោក វីដូដូ នឹងផ្លាស់ប្តូរទីតាំង នៅពេលដែលមានប្រព័ន្ធទឹកស្អាតនៅក្នុងការិយាល័យរដ្ឋាភិបាល និងអគារក្រសួង។
លោក វីដូដូ បានសង្កត់ធ្ងន់កាលពីថ្ងៃចន្ទថា ការអភិវឌ្ឍន៍របស់ទីក្រុង នូសានតារ៉ា នឹងបន្ត ប៉ុន្មានម៉ោងបន្ទាប់ពីមានព័ត៌មានលេចធ្លាយអំពីការលាលែងពីតំណែងរបស់ប្រមុខអាជ្ញាធរទាំងពីររូបនោះ។ កាលពីថ្ងៃអង្គារ លោកបានបញ្ជាក់ជាថ្មីថារដ្ឋធានី នូសានតារ៉ា នៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍ ហើយថាវានឹងក្លាយជា «រដ្ឋធានីបៃតងបំផុតក្នុងពិភពលោក»។
រដ្ឋាភិបាលបាននិងកំពុងរួសរាន់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលតម្រូវឱ្យមានសម្រាប់ការផ្លាស់ប្តូរទីតាំងមន្ត្រីរាជការចំនួន ១២.០០០ នាក់ដំបូងក្នុងខែកញ្ញានេះ។ ប៉ុន្តែផែនការនេះត្រូវបានពន្យារពេលពីរដងមកហើយ ហើយការលាលែងពីតំណែងនោះកើតឡើងស្របពេលមានកង្វះខាតថវិកាឯកជនសម្រាប់រដ្ឋធានីថ្មី៕