ស្នូកឃ័រ៖ កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បានរៀបចំការប្រកួតដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េ ដោយប្រើឈ្មោះផ្ទាល់របស់លោកស្រីគឺការប្រកួតកីឡាស្នូកឃ័រស្ម័គ្រចិត្តដណ្ដើមពានរង្វាន់ ស្រួង ភាវី ដែលព្រឹត្តិការណ៍នេះគ្រោងចំណាយថវិកាសរុបប្រមាណ ៥ម៉ឺនដុល្លារ។

ម្ចាស់ពានរង្វាន់ Blue One Resort LPBA Championship រូបនេះបានបញ្ជាក់ថា ការប្រកួតនេះដំបូងឡើយគ្រោងចាប់ផ្ដើមពីថ្ងៃទី១៤ ខែសីហារហូតដល់ថ្ងៃទី២៩ ខែសីហា ប៉ុន្ដែដោយសារមានរលកទី៤ នៃការរីករាលដាលជំងឺកូវីដ-១៩ លោកស្រីក៏សម្រេចពន្យារពេល ២សប្ដាហ៍ដែលអាចប្រកួតឡើងវិញនាអំឡុងខែកញ្ញាខាងមុខ។ កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំដដែលបន្ដថា នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់លោកស្រីដែលទទួលបានការគាំទ្រក្រុមហ៊ុន និងអ្នកចូលរួមក្នុងការប្រើប្រាស់ឈ្មោះ ស្រួង ភាវី ជាកីឡាការិនីតំណាងកម្ពុជាទៅជាឈ្មោះពានរង្វាន់មួយនៅសាធាណរដ្ឋកូរ៉េ ហើយកីឡាករ-កីឡាការិនីកូរ៉េជាច្រើនបានចុះឈ្មោះចូលរួម។ សម្រាប់ការប្រកួតលើកទី១ នេះគឺរៀបចំលក្ខណៈធម្មតាដោយផ្ដោតលើអ្នកស្ម័គ្រចិត្ត ដែលជាអ្នកនិយមលេងកីឡាស្នូកឃ័រការ៉ុមដើម្បីចូលរួមប្រកួតប្រជែង។

ប៉ុន្ដែប្រសិនបើទទួលបានជោគជ័យ លោកស្រីនឹងរៀបចំការប្រកួតកាន់តែធំ ឬអាចជាការប្រកួតថ្នាក់ជាតិនៅលើកទី២ ដោយរៀបចំនៅក្លិបរបស់លោកស្រីផ្ទាល់នៅឯសាធារណរដ្ឋកូរ៉េ។ ភាវី បន្ដថា ការប្រកួតនេះ មានកីឡាករ-កីឡារិនីចូលរួមសរុប ១២៨នាក់។ ចំពោះអ្នកទទួលបានជ័យលាភីក៏នឹងទទួលបានប្រាក់រង្វាន់ និងវត្ថុអនុស្សាវរីយ៍ផងដែរ ជាក់ស្ដែងអ្នកដណ្ដើមបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់រង្វាន់ ៣,០០០ដុល្លារ អមជាមួយសម្ភារៈកីឡាស្នូកមួយចំនួនទៀតសរុបជាថវិកាប្រមាណ ៥ពាន់ដុល្លារឯណោះ។ លោកស្រីបញ្ជាក់ថា សម្រាប់ដំណើរការប្រកួតរយៈពេលកន្លះខែនេះ គឺគ្រោងចំណាយថវិកាសរុប ៥ម៉ឺនដុល្លារ ទាំងការរៀបចំ ប្រាក់រង្វាន់ និងការចំណាយផ្សេងៗ ក្នុងនោះថវិកាជាង ៣ម៉ឺនដុល្លារទទួលបានពីក្រុមហ៊ុនឧបត្ថម្ភ ខណៈសេសសល់ប៉ុន្មានគឺជាថវិកាផ្ទាល់របស់លោកស្រី។
គួរបញ្ជាក់ថា កាលពីចុងខែមិថុនាកន្លងទៅ ស្រួង ភាវី បានបើកកំណត់ត្រាថ្មីក្នុងអាជីពរបស់ខ្លួន ដោយដណ្ដើមបានជើងឯកពានកម្រិតពិភពលោក Blue One Resort LPBA Championship 2021 អមប្រាក់រង្វាន់ជិត ១៨,០០០ដុល្លារ។ បច្ចុប្បន្នលោកស្រីក៏កំពុងចូលរួមការប្រកួតពានរង្វាន់ដ៏ធំមួយទៀត ដែលមានប្រាក់រង្វាន់ ១០ម៉ឺនដុល្លារគឺការប្រកួតជើងឯក PBA Team League 2021។ ប៉ុន្ដែការប្រកួតនេះក៏ត្រូវបានពន្យារពេលបណ្ដោះអាសន្ន ដោយសារបញ្ហាកូវីដ-១៩ ផងដែរ៕
អត្ថបទ៖ លី ឈុនឡា