
ពិភពលោកកំពុងមានមហាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនបំផុត ហើយការវិនិយោគរបស់អ្នកមានទាំងនោះនៅក្នុងទីផ្សារភាគហ៊ុន ដែលកំពុងកើនឡើង បានធ្វើឱ្យពួកគេមានទ្រព្យសម្បត្តិច្រើនជាងអ្វីដែលធ្លាប់បានកត់ត្រាទុក នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅថ្ងៃពុធ (០៥ មិថុនា) នេះ។
ចំនួន «បុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់» (HNWI) ដែលកំណត់ថាជាមនុស្សមានទ្រព្យសម្បត្តិក្នុងខ្លួនយ៉ាងហោចណាស់ ១ លានដុល្លារ បានកើនឡើងចំនួន ៥,១ ភាគរយកាលពីឆ្នាំមុន ដល់ចំនួន ២២,៨ លាននាក់ នេះបើយោងតាមស្ថាប័នប្រឹក្សា ខេបជឺមីណាយ (Capgemini)។
ទ្រព្យសម្បត្តិសរុបរបស់ពួកគេឈានដល់ ៨៦,៨ សែនកោដិ៍ដុល្លារក្នុងឆ្នាំ២០២៣ ដោយកើនឡើង ៤,៧ ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ពិភពលោក។ ចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់ HNWI និងទ្រព្យសម្បត្តិសរុបរបស់ពួកគេ គឺខ្ពស់បំផុតចាប់តាំងពីស្ថាប័នប្រឹក្សានេះបានចាប់ផ្តើមការសិក្សាប្រចាំឆ្នាំក្នុងឆ្នាំ១៩៩៧ មក។
របាយការណ៍បាននិយាយថាចំនួន បុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់ និងទ្រព្យសម្បត្តិរបស់ពួកគេ ធ្លាប់បានធ្លាក់ចុះជាង ៣ ភាគរយក្នុងឆ្នាំ២០២២ ដែលជាឆ្នាំនៃភាពមិនច្បាស់លាស់នៃម៉ាក្រូសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយ។ របាយការណ៍នោះបានបន្ថែមថា «ទោះជាយ៉ាងណាឆ្នាំ២០២៣ បាននាំមកនូវកំណើនសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវទ្រព្យសម្បត្តិសម្រាប់វិស័យវិនិយោគសំខាន់ៗដើម្បីបង្វែរការធ្លាក់ចុះ»។
ការកើនឡើងនៃទ្រព្យសម្បត្តិ និងវិសមភាពនៅក្នុងពិភពលោកបានជំរុញឱ្យមានការជជែកវែកញែកលើការដាក់អ្នកមានទ្រព្យត្រូវបង់ពន្ធឱ្យស្មើរភាពនឹងទ្រព្យសម្បត្តិខ្លួន។ ប្រទេសប្រេស៊ីល និងបារាំង បានជំរុញប្រទេសសមាជិក G20 ឱ្យកំណត់ពន្ធអប្បបរមាជាសកលលើអ្នកមានបំផុតលើពិភពលោក៕