
កម្មវិធីវីដេអូខ្លីរបស់បណ្ដាញសង្គម TikTok បានចាត់វិធានការដើម្បីបញ្ឈប់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដែលកំណត់គោលដៅលើម៉ាកយីហោ និងគណនីជនល្បីៗជាច្រើន ក្នុងនោះរួមទាំងបណ្តាញសារព័ត៌មាន CNN ផងដែរ។ នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន ដែលបានប្រាប់ឲ្យដឹង កាលពីថ្ងៃអង្គារ (ទី៤ ខែមិថុនា)។
អ្នកនាំពាក្យរូបនោះបាននិយាយថា៖ «យើងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាញសារព័ត៌មាន CNN ដើម្បីអាចទាញគណនីយកមកប្រើប្រាស់ឡើងវិញ និងអនុវត្តវិធានការពង្រឹងសុវត្ថិភាព ដើម្បីការពារគណនីរបស់ពួកគេឲ្យដំណើរការទៅមុខយ៉ាងល្អប្រសើរ»។
បណ្ដាញសង្គម TikTok បានប្រាប់ថា ចំនួនគណនីដែលត្រូវបានលួចចូលប្រើប្រាស់ គឺ «តិចតួចណាស់» ហើយក្រុមហ៊ុនកំពុងធ្វើការជាមួយម្ចាស់គណនីដែលរងផលប៉ះពាល់ ដើម្បីទាញយកមកប្រើប្រាស់វិញ ប្រសិនបើចាំបាច់។ ប្រភពមួយពីបណ្ដាញសង្គម TikTok បានប្រាប់សារព័ត៌មាន Reuters ថា គណនីពិតប្រាកដរបស់តារារបស់ស្ថានីយទូរទស្សន៍ នាង Paris Hilton ត្រូវបានកំណត់គោលដៅ ប៉ុន្តែលួចចូលមិនបាននោះឡើយ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន ក្រុមហ៊ុនមេរបស់បណ្ដាញសង្គម TikTok គឺក្រុមហ៊ុន ByteDance កំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់នៅតុលាការ ដែលតម្រូវឲ្យក្រុមហ៊ុននេះលក់ TikTok នៅខែមករាឆ្នាំក្រោយ ឬបើមិនដូច្នោះទេត្រូវប្រឈមនឹងការហាមឃាត់ នៅសហរដ្ឋអាមេរិក។ សេតវិមានបាននិយាយថា ខ្លួនចង់ឃើញការមានកម្មសិទ្ធិលើបណ្ដាញសង្គមដែលមានមូលដ្ឋាននៅចិនមួយនេះ ត្រូវបានបញ្ចប់ដោយហេតុផលសន្តិសុខជាតិ៕