
ជនអន្តោប្រវេសន៍ជាច្រើន បានបន្តដំណើររបស់ពួកគេឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកនៅរដ្ឋ California បើទោះបីជាការរឹតត្បិតថ្មីត្រូវបានប្រកាសដោយលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃអង្គារ ។
បទបញ្ជាថ្មី ចែងថា អ្នកដែលប្រទះឃើញឆ្លងកាត់ដោយខុសច្បាប់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក អាចនឹងត្រូវច្រានចោលឱកាសទទួលបានសិទ្ធិជ្រកកោន ហើយនិងត្រូវនិរទេសភ្លាមៗ ឬបញ្ជូនទៅកាន់ប្រទេសម៉ិកស៊ិកវិញ ។
មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា វិធានការថ្មីនេះ ដែលចូលជាធរមានភ្លាមៗ រួមបញ្ចូលទាំងការលើកលែងសម្រាប់ក្មេងៗគ្មានអ្នករួមដំណើរ បុគ្គលប្រឈមជំងឺធ្ងន់ធ្ងរ ឬការគំរាមកំហែងសុវត្ថិភាព ហើយនិងជនរងគ្រោះពីការរត់ពន្ធមនុស្សខុសច្បាប់ ។
អ្នកស្វែងរកសិទ្ធិជ្រកកោន នឹងត្រូវអនុញ្ញាតឲ្យចូលទឹកដីអាមេរិកម្តងទៀត នៅពេលដែលចំនួនប្រចាំថ្ងៃរបស់ជនអន្តោប្រវេសន៍ ធ្លាក់ចុះមកនៅត្រឹម ១.៥០០នាក់ ។
លោក Bidenដែលជាអ្នកប្រជាធិបតេយ្យ បានពង្រឹងដំណោះស្រាយរបស់លោកចំពោះសន្តិសុខព្រំដែន ស្របពេលដែលការធ្វើអន្តោប្រវេសន៍ បានក្លាយជាបញ្ហាធំសម្រាប់ពលរដ្ឋអាមេរិក មុនការបោះឆ្នោតសកលនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ ជាពេលដែលលោក ត្រូវប្រឈមជាមួយលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ដែលសន្យាថានឹងចាត់វិធានការបោសសម្អាតទ្រង់ទ្រាយធំ បើសិនជារូបលោកជាប់ឆ្នោតម្តងទៀត ៕