
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារ (ទី៤ ខែមិថុនា) បាននិយាយការពារការចេញវិក្កយបត្ររតនាគាររយៈពេលខ្លី ហើយបានបញ្ជាក់ថា ការដាក់ទណ្ឌកម្ម គឺសំដៅលើការនាំចេញផ្សេងៗពីប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងចិន។
ដោយបង្ហាញខ្លួននៅចំពោះមុខអនុគណៈកម្មាធិការត្រួតពិនិត្យរបស់ព្រឹទ្ធសភាអាមេរិក លោកស្រី Yellen បានច្រានចោលការលើកឡើងរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដែលថា ក្រសួងរតនាគារ កំពុងបង្កើនការចេញវិក្កយបត្ររតនាគាររយៈពេលខ្លីដោយចេតនា ក្នុងអត្រាការប្រាក់ខ្ពស់ ដើម្បីព្យាយាមជំរុញសេដ្ឋកិច្ច មុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។
លោកស្រី Yellen បាននិយាយថា ការចេញវិក្កយបត្ររយៈពេលខ្លីនេះ គឺស្របតាមបទដ្ឋានពីមុន និងការណែនាំរបស់អ្នកចូលរួមទីផ្សារ នៅក្នុងគណៈកម្មាធិការប្រឹក្សាការខ្ចីប្រាក់រតនាគារ។ លោកស្រីបានបន្ថែមថា ការចេញវិក្កយបត្ររយៈពេលខ្លីមិនមានពាក់ព័ន្ធនឹងការបង្កើត «ស្ថានភាពហួសហេតុ» សម្រាប់សេដ្ឋកិច្ចនោះទេ។
ជាមួយគ្នានេះ នៅលើឆាកអន្តរជាតិ រដ្ឋមន្ត្រីរូបនេះបានប្រាប់សមាជិកព្រឹទ្ធសភាថា សំណើកម្ចីរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ដល់អ៊ុយក្រែនគាំទ្រដោយប្រាក់ចំណូលពីទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីដែលត្រូវបានបង្កក គឺ «នាំឲ្យមានការគាំទ្រយ៉ាងច្រើន» នៅមុនកិច្ចប្រជុំកំពូលរបស់បណ្ដាមេដឹកនាំប្រទេសទាំង៧ នៅអ៊ីតាលី នាចុងខែមិថុនានេះ។
ហើយលោកស្រីក៏បាននិយាយផងដែរថា រដ្ឋបាលលោក Joe Biden បានបញ្ជាក់យ៉ាងច្បាស់ ចំពោះប្រទេសចិនថា ខ្លួននឹងមិនអត់ធ្មត់លើការបង្កើនការនាំចេញទំនិញ «ដែលអាចប្រើប្រាស់ទាំងស៊ីវិល និងយោធា» ទៅកាន់ប្រទេសរុស្ស៊ី ដែលកំពុងជួយដល់ផលិតកម្មយោធារបស់ប្រទេសនេះ ហើយនឹងឆ្លើយតបដោយការដាក់ទណ្ឌកម្ម ដើម្បីបញ្ឈប់ការនាំចេញ៕