
គ្រួសារជនជាតិដើមភាគតិច Guna រាប់រយគ្រួសារ បានចាប់ផ្តើមចាកចេញពីកោះតូច Gardi Sugdub របស់ប្រទេសប៉ាណាម៉ា ស្របពេលដែលនីវ៉ូទឹកសមុទ្រឡើងដល់ផ្ទះរបស់ពួកគេកាលពីថ្ងៃចន្ទ ។
មនុស្សប្រហែល ៣០០គ្រួសារ ស្មើនឹង ១.៣៥១នាក់ បានផ្លាស់ទៅរស់នៅក្នុងផ្ទះថ្មី ដែលគេកសាងលើដីគោក ឡោមព័ទ្ធដោយរុក្ខជាតិបៃតង ។
ក្មេងៗ មនុស្សមានពិការភាព និងមនុស្សចាស់ ត្រូវបានគេអនុញ្ញាតឲ្យឡើងជិះនាវាមុនគេ ដើម្បីបញ្ជូនពួកគេទៅកាន់ទីតាំងថ្មី ។
ក្រុមអាជ្ញាធរប៉ាណាម៉ា និយាយថា ការចាកចេញរបស់អ្នករស់នៅលើកោះតូចនេះ គឺជាការជម្លៀសមនុស្សលើកដំបូងគេនៅអាមេរិកឡាទីន បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ហើយពួកគេបានព្រមានថា គ្រួសារដទៃទៀត នឹងត្រូវធ្វើតាមដូចគ្នា ។
នៅទូទាំងអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប អង្គការសហប្រជាជាតិ(UN) រកឃើញថា មនុស្ស ៤១លាននាក់ រស់នៅតាមតំបន់វាលទំនាប ពោលគឺស្មើនឹង ៦ភាគរយនៃមនុស្សរស់នៅក្នុងតំបន់ទាំងនេះ ហើយពួកគេប្រឈមហានិភ័យកើនឡើងពីគ្រោះទឹកជំនន់ញឹកញាប់ ព្យុះ និងព្យុះសង្ឃរា ស្របពេលដែលបណ្តាប្រទេសអ្នកមានភាគច្រើន ពុំបានធ្វើតាមការសន្យាអាកាសធាតុរបស់ពួកគេ ៕