
ប្រធានធនាគារ Sberbank និង VTB បាននិយាយកាលពីថ្ងៃអង្គារថា ធនាគារធំជាងគេចំនួនពីររបស់រុស្ស៊ីរំពឹងថា នឹងបើកសាខា និងការិយាល័យ នៅខែកក្កដា នៅក្នុងតំបន់នៃប្រទេសអ៊ុយក្រែន ដែលទីក្រុងមូស្គូបានអះអាងថា បានបញ្ចូលក្នុងឆ្នាំ ២០២២។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រឹងប្រែងដាក់បញ្ចូលតំបន់ដូណិតស្ក៍ (Donetsk), លូហានស្ក៍ (Luhansk), ឃឺសុន (Kherson) និងហ្សាប៉ូរីហ្សា ( Zaporizhzhia) របស់អ៊ុយក្រែន ក្នុងខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីអ្វីដែលអ៊ុយក្រែន បាននិយាយថា ការធ្វើប្រជាមតិក្លែងក្លាយ។ ចំណាត់ការនេះត្រូវបានថ្កោលទោសដោយប្រទេសជាច្រើនថា ខុសច្បាប់។
កម្លាំងរុស្ស៊ី គ្រប់គ្រងតំបន់ទាំង៤ តាមផ្នែកប៉ុណ្ណោះ។
ធនាគារ Promsvyazbank ដែលគ្រប់គ្រងដោយរដ្ឋ បានផ្តោតលើបុគ្គលិករដ្ឋ និងវិស័យការពារជាតិ ចាប់តាំងពីវាត្រូវបានធានាដោយធនាគារកណ្តាល ក្នុងឆ្នាំ ២០១៧ បានបើកសាខារួចហើយ នៅក្នុងតំបន់ទាំង៤នោះ ដោយសារប្រទេសរុស្ស៊ី មានបំណងផ្តល់ឥណទាន និងសេវាធនាគារថោក ដល់ជនស៊ីវិល និងទាហាន។
នាយកប្រតិបត្តិធនាគារ Sberbank លោក German Gref បាននិយាយនៅក្នុងសភាជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារថា៖«ក្នុងរយៈពេលមួយខែកន្លះ សាខា ១៦ដំបូងរបស់យើង គួរតែបើកនៅទីនោះ" ។ «ដូច្នេះយើង នឹងមានវត្តមានទូទាំងទឹកដីរបស់ប្រទេសទាំងមូល»។