
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើដំណើរទៅកាន់ភាគខាងជើងរបស់ប្រទេស នៅថ្ងៃពុធ (ទី៥ ខែមិថុនា) ហើយបាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួន សម្រាប់ការប្រយុទ្ធដ៏ខ្លាំងក្លា នៅតំបន់ដែលមានព្រំដែនជាមួយប្រទេសលីបង់នេះ។
បណ្ដាទីក្រុងតូចៗរបស់អ៊ីស្រាអែល ជិតព្រំដែននេះ ដែលប្រជាជានភាគច្រើនត្រូវបានជម្លៀសចេញនោះ បានក្លាយជាគោលដៅញឹកញាប់របស់គ្រាប់រ៉ុក្កែត និងយានដ្រូន ដែលត្រូវបានបាញ់ចេញពីក្រុមសកម្មប្រយុទ្ធលីបង់ គឺក្រុម Hezbollah។ រ៉ុក្កែតជាច្រើនគ្រាប់ ដែលត្រូវបានបាញ់នោះ បានបង្កឲ្យមានចំហេះព្រៃដ៏ធំមួយ ក្នុងសប្តាហ៍នេះ ដោយបានដុតបំផ្លាញផ្ទៃដីយ៉ាងធំធេង នៅទូទាំងភាគខាងជើងរបស់អ៊ីស្រាអែល។
អំឡុងដំណើរទៅកាន់ទីនោះ លោក Netanyahu បាននិយាយថា៖ «អ្នកណាក៏ដោយដែលគិតថា ពួកគេអាចបំផ្លាញយើងបាន ហើយយើងនឹងនៅស្ងៀមមិនតបតនោះ ពួកគេកំពុងបង្កើតនូវកំហុសធំមួយហើយ។ យើងបានរៀបចំត្រៀម សម្រាប់ការប្រយុទ្ធដ៏ខ្លាំងក្លាមួយ នៅភាគខាងជើងនេះ។ តាមវិធីមួយ ឬផ្សេងទៀត យើងនឹងធ្វើឲ្យភាគខាងជើងនេះមានសន្តិសុខឡើងវិញ»។
គួរបញ្ជាក់ថា អ៊ីស្រាអែល និងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ បាន និងកំពុងបាញ់ប្រហារតគ្នាទៅវិញទៅមកអស់រយៈពេល ៨ខែកន្លងមកហើយ ពោលគឺកើតមានស្របគ្នានឹងសង្រ្គាម នៅតំបន់ហ្កាហ្សា ដែលបង្កឲ្យមានការព្រួយបារម្ភថា ជម្លោះកាន់តែរីករាលដាល អាចផ្ទុះឡើង រវាងសត្រូវ ដែលប្រដាប់ដោយអាវុធធុនធ្ងន់នេះ៕