
ហ្សកដានី ធ្វើឲ្យខកខានផែនការចំនួន ២ក្នុងការរត់ពន្ធគ្រឿងញៀនរាប់លានគ្រាប់ ឆ្លងកាត់ប៉ុស្តិ៍ព្រំដែនជិតប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាការរឹបអូសបានគ្រឿងញៀនច្រើនបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រត់ពន្ធដោយខ្សែបណ្តាញមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ប្រតិបត្តិការនៅតំបន់ភាគខាងត្បូងស៊ីរី ទៅកាន់ទីផ្សាររដ្ឋអ្នកមាននៅតំបន់ឈូងសមុទ្រ ។
ក្រុមមន្រ្តីនិយាយប្រាប់ទីភ្នាក់ងារព័ត៌នាបរ៉យទ័រនៅថ្ងៃពុធនេះថា គ្រឿងញៀនទាំងនេះ ត្រូវបានគេរកឃើញលាក់ទុកនៅក្នុងគ្រឿងចក្រធ្វើសំណង់ ស្ថិតនៅច្រកឆ្លងកាត់ព្រំដែន Omari ។
ក្រុមអាជ្ញាធរពង្រឹងច្បាប់ បានតាមដានអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ប្រតិបត្តិការដាច់ដោយឡែកចំនួន ២ ក្នុងការនាំគ្រឿងញៀនឆ្លងកាត់ព្រំដែនភាគខាងជើងហ្សកដានីជាប់ប្រទេសស៊ីរី ប៉ុន្តែមិនដូចជាការចាប់បានគ្រឿងញៀនកាលពីលើកមុនៗនោះទេ លើកនេះ ក្រុមអាជ្ញាធររឹបអូសបាននៅព្រំដែនជាមួយអារ៉ាប៊ីសាអូឌីត ។
ក្រុមមន្ត្រីប្រឆាំងគ្រឿងញៀនលោកខាងលិចនិយាយថា ប្រទេសស៊ីរីដែលហែកហួរដោយសារភ្លើងសង្រ្គាម បានក្លាយជាទីតាំងសំខាន់ក្នុងតំបន់សម្រាប់ការផលិតគ្រឿងញៀនទ្រង់ទ្រាយធំ ក្នុងនោះប្រទេសហ្សកដានី គឺជាផ្លូវឆ្លងកាត់សំខាន់ក្នុងការនាំចេញទៅកាន់រដ្ឋអ្នកមានដោយសារប្រេងនៅតំបន់ឈូងសមុទ្រ ៕