
វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី៥ ខែមិថុនា) នេះ បានពណ៌នាថា ជា «ការសម្លុតរកប្រយោជន៍» របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែលថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអត់ឱនឲ្យនោះឡើយ ចំពោះចិន ដែលបង្កើនការនាំចេញទំនិញ «ប្រើបានទាំងស៊ីវិល និងយោធា» របស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី ហើយថា នឹងឆ្លើយតបដោយការដាក់ទណ្ឌកម្ម។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការបន្លឺសំឡេងបែបនេះរបស់ទីក្រុងវ៉ាស៊ីនតោន មិនអាចទទួលយកបានជាដាច់ខាត ហើយថា ទីក្រុងមូស្គូ ឈរក្នុងសាមគ្គីភាពជាមួយទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិយាយថា ដោយការផ្តល់ទំនិញប្រើបានទាំងកម្មវិធីស៊ីវិល និងយោធា ចិនកំពុងជួយផ្តល់ថាមពលដល់កិច្ចប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
រុស្ស៊ី និងចិន បានជំរុញពាណិជ្ជកម្មទ្វេភាគីយ៉ាងខ្លាំងក្លា គិតចាប់តាំងពីសង្គ្រាមចាប់ផ្តើម ខណៈពាណិជ្ជកម្មរបស់រុស្ស៊ី ជាមួយលោកខាងលិច ត្រូវបានបំផ្លាញដោយការដាក់ទណ្ឌកម្មជាបន្តបន្ទាប់៕