
គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP) របស់លោកនាយករដ្ឋមន្ត្រី Narendra Modi បានយល់ព្រមជាមួយសម្ព័ន្ធភាពកាលពីថ្ងៃពុធ ថ្ងៃទី ៥ ខែមិថុនា ដើម្បីបង្កើតរដ្ឋាភិបាលមួយបន្ទាប់ពីការបោះឆ្នោតសកលដែលខ្លួនបានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនដាច់ខាតជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។
សារព័ត៌មានឥណ្ឌារាយការណ៍ថា លោក Modi នឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។
សម្ព័ន្ធភាពប្រជាធិបតេយ្យជាតិ (NDA) មានសមាជិក ១៥ បក្ស ដឹកនាំដោយគណបក្សស្តាំនិយម Bharatiya Janata របស់ លោក Modi មាន ២៩៣ អាសនៈនៅក្នុងសភា ដែលផ្តល់អំណចឱ្យសម្ព័ន្ធនេះគ្រប់គ្រងសភាបាន។
សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធភាពដែលចេញដោយគណបក្ស BJP អានថា យើងទាំងអស់គ្នាជ្រើសរើសជាឯកច្ឆ័ន្ទមេដឹកនាំសម្ព័ន្ធភាព NDA ដ៏គួរឱ្យគោរពលោក Narendra Modi ជាមេដឹកនាំរបស់យើង។
សេចក្ដីថ្លែងការណ៍ខាងលើនេះ បាននិយាយថារដ្ឋាភិបាល NDA នឹងថែរក្សាបេតិកភណ្ឌរបស់ប្រទេសឥណ្ឌា និងធ្វើការសម្រាប់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរបស់ប្រទេសនេះ។
លទ្ធផលបោះឆ្នោតដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយការបោះឆ្នោតរយៈពេល៦សប្ដាហ៍ បានផ្ដល់សំឡេងគាំទ្រដ៏ច្រើនលើសលុបដល់សម្ព័ន្ធគណបក្សដឹកនាំដោយលោក Modi ដើម្បីបន្តកាន់អំណាចអាណត្តិទី៣ រយៈពេល៥ឆ្នាំបន្តទៀត៕