
អង្គការយូនីសេហ្វ (UNICEF) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ថា កុមារ ៩ នាក់ក្នុងចំណោម ១០ នាក់នៅតំបន់ហ្កាហ្សា មិនអាចទទួលទានសារធាតុចិញ្ចឹមពីក្រុមអាហារគ្រប់គ្រាន់ដើម្បីធានាបាននូវការលូតលាស់ និងការអភិវឌ្ឍន៍ដែលមានសុខភាពល្អរបស់ពួកគេនោះទេ។ អង្គការកុមារមួយនេះ បាននិយាយថា «នៅតំបន់ហ្កាហ្សាស្ទ្រីប ជាច្រើនខែនៃអរិភាព និងការរឹតបន្តឹងលើជំនួយមនុស្សធម៌បានធ្វើឱ្យប្រព័ន្ធអាហារ និងសុខភាពដួលរលំ ដែលបណ្តាលឱ្យមានផលវិបាកដ៏មហន្តរាយដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេ»។
អង្គការនេះបានបន្ថែមថា សំណុំទិន្នន័យចំនួន ៥ ដែលប្រមូលបាននៅចន្លោះខែធ្នូ ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ បានរកឃើញថា កុមារ ៩ នាក់ក្នុងចំណោម ១០ នាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានរងគ្រោះដោយការវាយលុករបស់អ៊ីស្រាអែល តាំងពីខែតុលា ឆ្នាំមុនមក កំពុងទទួលរងនូវភាពក្រីក្រស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដែលមានន័យថាពួកគេកំពុងរស់រានមានជីវិតដោយពឹងផ្អែកលើក្រុមអាហារចំនួនពីរ ឬតិចជាងនេះប៉ុណ្ណោះក្នុងមួយថ្ងៃ។
អ៊ីស្រាអែលនិយាយថា ខ្លួនមិនរឹតបន្តឹងលើការផ្គត់ផ្គង់មនុស្សធម៌សម្រាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សាទេ ហើយបានស្តីបន្ទោសអង្គការសហប្រជាជាតិចំពោះការចែកចាយយឺតយ៉ាវ ដោយនិយាយថាប្រតិបត្តិការរបស់ខ្លួនមិនមានប្រសិទ្ធភាព ប៉ុន្តែដោយសារគ្រោះទុរ្ភិក្សបានលេចឡើងនៅហ្កាហ្សា ជាមួយនឹងកុមារមួយចំនួនបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងកង្វះជាតិទឹក សូម្បីតែក្រុមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ីស្រាអែល ក៏បានបង្កើនសម្ពាធឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីផ្តល់អាហារ។
ដើម្បីបំពេញនូវភាពចម្រុះនៃរបបអាហារអប្បបរមាសម្រាប់ការអភិវឌ្ឍន៍ដែលមានសុខភាពល្អ កុមារត្រូវទទួលទានអាហារយ៉ាងហោចណាស់ក្រុមអាហារចំនួនប្រាំក្នុងចំណោមប្រាំបី ដែលកំណត់ដោយពិន្ទុភាពចម្រុះនៃរបបអាហារដែលប្រើប្រាស់ដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក (WHO)៕