កណ្ដាល ៖ បន្ទាប់ពីក្រសួងធម្មការនិងសាសនា បានផ្សព្វផ្សាយសេចក្តីណែនាំស្តីពីអំពីការរៀបចំបុណ្យកឋិនទាន ដោយនៅក្នុងសេចក្តីណែនាំក្រសួងក៏បានណែនាំបណ្តាប្រជាពុទ្ធបរិស័ទ និងវត្តអារាម អនុវត្តការណែនាំរាជរដ្ឋាភិបាលទប់ស្កាត់មេរោគ COVID-19។ ព្រះលេខាគណ ខេត្តកណ្តាល ក៏បានអំពាវនាវបណ្តាវត្តអារាមក្នុងខេត្តកណ្តាល សូមពង្រឹងអនុវត្តវិធានការទប់ស្កាត់COVID-19 ខណៈក្នុងអំឡុងពេល១ថ្ងៃ ក្នុងរយៈពេលជិត១ខែនេះ តាមវត្តនានា នឹងទទួលបានប្រជាពុទ្ធបរិស័ទជិតឆ្ងាយធ្វើបុណ្យដង្ហែអង្គកឋិនទៅកាន់វត្ត។
បើតាមព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះលេខាគណ ខេត្តកណ្តាល និងជាព្រះចៅអធិការវត្តប្រជុំនរទី ហៅវត្តក្រពើហារ ក្រុងតាខ្មៅ ខេត្តកណ្តាល មានថេរដីកា នៅថ្ងៃទី២ ខែតុលានេះថា នៅក្នុងឆ្នាំ២០២០នេះ ចាប់ពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា តាមបណ្តាទីវត្តអារាមនីមួយៗ នឹង គឺត្រូវបានទទួលបានរៀបចំបុណ្យកឋិនមួយថ្ងៃប៉ុណ្ណោះ ដែលមានទទួលប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពុទ្ធបរិស័ទមកពីបណ្តាខេត្តរាជធានី អាចនឹងមានអ្នកមកក្រៅប្រទេសនានា បង្ហែរអង្គកឋិនចូលទៅកាន់ទីវត្តអារាម។
បច្ចុប្បន្នបើទោះស្ថានភាព COVID-19 មិនមានករណីកើតនៅក្នុងប្រទេស ហើយមានតែករណីនាំចូលមកពីខាងក្រៅប្រទេស ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ មានថេរដីកាអំពាវនាវអោយបណ្តាវត្តអារាម ត្រូវពង្រឹងវិធានការប្រុងប្រយ័ត្នមេរោគ COVID-19 និងជំងឺផ្ដាសាយនានាទៀត ជាពិសេសគឺត្រូវរៀបចំកន្លែងវាស់កំដៅ ពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ចូលវត្តត្រូវរក្សាគម្លាត ត្រូវកន្លែងអង្គុយ និងត្រូវឧស្សាហ៍លាងដៃទឹកសាប៊ូ អាកុលជែលជាដើម។
សូមបញ្ជាក់ថា បើតាមសេចក្តីជូនណែនាំរបស់ក្រសួងធម្មការ និងសាសនាស្តីពីការរៀបចំបុណ្យកឋិននេះ ក្រៅពីការអំពាវនាវ ឲ្យអនុវត្តវិធានណែនាំរាជរដ្ឋាភិបាលបង្ការទប់ស្កាត់មេរោគ COVID-19 និងអនុវត្តវិធានអនាម័យក្រសួងសុខាភិបាលផងដែរនោះ បណ្តាទាយក ទាយិកាម្ចាស់ដើមអង្គកឋិនត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវ ចូលរួមដង្ហែអង្គកឋិន ហើយមិនត្រូវធ្វើអំពើផ្ដេសផ្ដាស ដូចគប់ដំដី ដំថ្ម បាចទឹកដាក់នៅតាមដងផ្លូវសាធារណៈ ដាក់ទៅលើក្បួនដង្ហែអង្គកឋិន។
ក្នុងសេចក្តីណែនាំនោះ ក្រសួងធម្មការ ក៏បានណែនាំអោយម្ចាស់អង្គកឋិន និងទាយក ទាយិកា ត្រូវត្រួតពិនិត្យយានជំនិះធ្វើដំណើរគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើរ បង្ហែរ អង្គកឋិនរបស់ខ្លួនអោយបានល្អ និងត្រូវដឹកកំណត់ចំនួនមនុស្សកុំអោយហួសចំណុះ ជៀសវាងគ្រោះថ្នាក់ចំពោះការធ្វើដំណើរតាមរថយន្ត និងលិចទូកកាណូតជាដើម៕
អត្ថបទ ៖ ស៊ុម សុខជា





