
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានព្រមានលោកខាងលិចថា រុស្ស៊ី អាចប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីការពារខ្លួន ប្រសិនបើដែនអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ខ្លួន ត្រូវបានគំរាមកំហែង។
នៅពេលសួរ អំពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរនៅអ៊ុយក្រែន លោក ពូទីន បាននិយាយថា ប្រទេសលោកខាងលិច បានចោទប្រកាន់រុស្ស៊ីដដែលៗអំពីការគំរាមដោយកម្លាំងអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកបាននិយាយថា ការចោទប្រកាន់បែបនេះខុស ហើយបានគូសបញ្ជាក់ថា វាគឺជាសហរដ្ឋអាមេរិក ដែលបានប្រើប្រាស់អាវុធនុយក្លេអ៊ែរទៅលើប្រទេសជប៉ុន នៅក្នុងសង្គ្រាមលោកលើកទីពីរ។
ថ្លែងទៅកាន់និពន្ធនាយកជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ នៅទីក្រុង សឺត ភីធឺស្បើក(St Petersburg) លោកបាននិយាយថា គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី អនុញ្ញាតឲ្យអាវុធបែបនេះ ត្រូវបានប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងមួយចំនួន ហើយរុស្ស៊ីគ្មានផែនការវាយប្រហាររដ្ឋជាសមាជិកសម្ព័ន្ធយោធាណាតូនោះទេ។
លោកពូទីន ដោយត្រូវបានសួរអំពីការបាត់បង់យោធារបស់រុស្ស៊ី នៅអ៊ុយក្រែន លោកពូទីន បាននិយាយថា លោកអាចប្រាប់ពីភាពប្រាកដប្រជាថា យើងមានការបាត់បង់ពិតមែន ហើយជាការពិតមានចំនួនតិចជាងច្រើនដងនៅខាងភាគីអ៊ុយក្រែន។
លោកប្រធានាធិបតី និយាយថា ការប៉ុនប៉ងដើម្បីធ្វើការចល័តទ័ពនៅក្នុងប្រទេសអ៊ុយក្រែន គឺមានការបាត់បង់ក្នុងសមរភូមិប្រយុទ្ធ ប៉ុន្តែតាមការគណនា កងទ័ពអ៊ុយក្រែនបាត់បង់ទាហានប្រហែល ៥០.០០០ នាក់ក្នុងមួយខែ។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូនឹងពិចារណា ឆ្លើយតបដោយផ្ទាល់ ប្រឆាំងប្រទេសលោកខាងលិច ដែលអនុញ្ញាតឱ្យអ៊ុយក្រែន វាយប្រហារមកលើប្រទេសរុស្ស៊ី ដោយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេ។
