
ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយថា មនុស្ស ៤ នាក់បានស្លាប់ និងជាង ២០ នាក់បានរងរបួស នៅពេលដែលរថភ្លើងដឹកអ្នកដំណើរបានបុកជាមួយនឹងរថភ្លើងដឹកទំនិញនៅក្នុងទីក្រុង ប៉ាឌូបីឆេ (Pardubice) សារធារណរដ្ឋឆេក កាលពីល្ងាចថ្ងៃពុធ (០៥ មិថុនា)។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក វីត រ៉ាគូសាន (Vit Rakusan) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២០ នាក់បានរងរបួសស្រាល និង ៣ នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ដែលបានកើតឡើងក្រោយម៉ោង ១១ យប់ (ម៉ោងក្នុងស្រុក) នៅទីក្រុង ប៉ាឌូបីឆេ តាមច្រករបៀងផ្លូវដែកដ៏សំខាន់របស់ប្រទេសពីរដ្ឋធានី ប្រាក (Prague) ទៅភាគខាងកើត។
រថភ្លើងដឹកអ្នកដំណើរដែលដំណើរការដោយក្រុមហ៊ុន រ៉េជីអូ ជេត (RegioJet) បានធ្វើដំណើរពេលយប់ពីទីក្រុង ប្រាក ទៅទីក្រុង ខូស៊ីស (Kosice) នៅភាគខាងកើតប្រទេសស្លូវ៉ាគី នេះបើយោងតាមរដ្ឋបាលផ្លូវដែក។ សេវាសង្គ្រោះអគ្គិភ័យបាននិយាយថា អ្នកដំណើរជាង ៣០០ នាក់នៅលើរថភ្លើងនោះ។ នគរបាលរាប់សិបនាក់ អង្គភាពពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ ដោយបានជួយជម្លៀសតាមទូរថភ្លើង។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ម៉ាទីន ឃូបកា (Martin Kupka) ដែលបានធ្វើដំណើរជាមួយរដ្ឋមន្ត្រីមហាផ្ទៃទៅកាន់ទីតាំងកើតហេតុនោះបានប្រាប់ទូរទស្សន៍មួយថា ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងចាប់ផ្តើម ហើយគេមិនទាន់អាចប៉ាន់ស្មានបានភ្លាមៗពីមូលហេតុដែលបង្កឱ្យមានឧបទ្ទវហេតុនេះនោះទេ៕

