
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រចាំរដ្ឋ លោក ព្រីមីតា បានដារ៉ា តានណាគុន (Premitha Bandara Tennakoon) បានប្រាប់សភាកាលពីថ្ងៃពុធសប្ដាហ៍នេះ ថា ចំនួនអ្នកស្លាប់ដោយសារ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានកើនឡើងដល់៣០នាក់ហើយ ខណៈគ្រោះមហន្តរាយនេះបានបំផ្លិចបំផ្លាញប្រទេសស្រីលង្កា ចាប់តាំងពីថ្ងៃទី ១៥ ខែឧសភាមក។
ភ្លៀងរដូវមូសុងដ៏ធ្ងន់ធ្ងរបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន ៧១ខ្នង ខណៈ៩.៣០០ខ្នងទៀតរងការខូចខាតដោយផ្នែក។ លោក តានណា គុន បាននិយាយថា ឧស្សាហកម្មខ្នាតតូច និងមធ្យមចំនួន៨២៥ ទីតាំង បានខូចខាត រួមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចំនួន៦៣ទីតាំងទៀតផងដែរ ។
ការបាត់បង់អាយុជីវិតទាំងនោះ ត្រូវបានគេរាយការណ៍ថា មកពីស្រុកចំនួន១០ រួមទាំងរដ្ឋធានីកូឡុំបូ ដែលភ្លៀងធ្លាក់ខ្លាំងនាំមកនូវកម្រិតទឹកលើសពី ៣០០ មីលីម៉ែត្រ បណ្តាលឱ្យមានទឹកជំនន់ដ៏គំហុក ដួលរំដើមឈើ ខ្យល់បោកបក់ខ្លាំង រន្ទះបាញ់ និងបំណាក់ដីជាដើម។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានចេញការព្រមានពីទឹកជំនន់សម្រាប់អាងទន្លេមួយចំនួនពីស្រុកផ្សេងៗគ្នា ដោយសារមានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់ខ្លាំង។
កាលពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសស្រីលង្កា បានបិទសាលារៀន ខណៈភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ និងបំណាក់ដី នៅក្នុងផ្នែកជាច្រើននៃប្រទេសកោះមួយនេះ។
គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ មនុស្សជាង ៥.០០០នាក់ ត្រូវបានជម្លៀសនិងបញ្ជូនទៅស្នាក់នៅបណ្ដោះអាសន្ននៅតាមមជ្ឈមណ្ឌលជម្លៀសនានាទូទាំងប្រទេសនេះ ៕