
នៅពេលដែលកូរ៉េខាងជើង បានបញ្ជូនបាឡុងដឹកសំរាមរាប់រយគ្រឿងឆ្លងកាត់ព្រំដែនទៅកាន់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុន សកម្មភាពនេះបានបង្កឱ្យមានការជូនដំណឹងអំពីគ្រាអាសន្ន និងការផ្សព្វផ្សាយពាសពេញប្រព័ន្ធផ្សព្វផ្សាយពេញម៉ោងនៅក្នុងកូរ៉េខាងត្បូង។
ប៉ុន្តែខណៈពេលដែលប្រជាជនកូរ៉េខាងត្បូង ជាច្រើនទំនងជាមិនយកចិត្តទុកដាក់យូរអង្វែងចំពោះឧបទ្ទវហេតុនេះ សម្រាប់អ្នកស្រុកដែលរស់នៅក្បែរព្រំដែនដែលមានកំពែងដ៏រឹងមាំ កំពុងតែភ័យខ្លាចចំពោះការប៉ះទង្គិចចុងក្រោយបំផុតនេះក្នុងការកើនឡើងគួរឱ្យព្រួយបារម្ភនៃភាពតានតឹងរវាងកូរ៉េទាំងពីរ។
លោក យ៉ូន ស៊ូលយ៉ុន (Yoon Seol-hyun) ដែលជាម្ចាស់ផ្ទះសំណាក់ និងទីភ្នាក់ងារទេសចរណ៍ក្នុងទីក្រុង ប៉ាជូ (Paju) ជាប់ព្រំដែនបាននិយាយថា «មនុស្សមួយចំនួនមិនអើពើនឹងរឿងនេះទេ ហើយចាត់ទុកថាវាជាបញ្ហារបស់អ្នកដទៃ» ដោយជំរុញឱ្យប្រជាជនកូរ៉េខាងត្បូងទាំងអស់យកចិត្តទុកដាក់ប្រឹងប្រែងជួយធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់។
ភាពតានតឹងបាននិងកំពុងកើនឡើងនៅពេលដែលប្រទេសខាងត្បូង បានឆ្លើយតបនឹងបាឡុងសំរាមនោះងដោយការបន្តសកម្មភាពយោធានៅតាមបន្ទាត់ព្រំដែន។ ទីក្រុងសេអ៊ូល មិនបានច្រានចោលការប្រើប្រាស់ឧបករណ៍បំពងសំឡេងលឺៗម្ដងទៀតដើម្បីបំផ្ទុះការឃោសនានៅព្រំដែនជាមួយកូរ៉េខាងជើងនោះទេ។
តំបន់ព្រំដែននោះមានប្រជាប្រិយភាពខ្លាំងដោយអ្នកទេសចរក្នុងស្រុក និងបរទេស ដែលចង់ទៅទស្សនាប្រទេសផ្ដាច់ខ្លួន កូរ៉េខាងជើង មួយនេះ ប៉ុន្តែអ្នកស្រុកបាននិយាយថាអាជីវកម្មរបស់ពួកគេនៅទីក្រុងព្រំដែន ប៉ាជូ ដែលមានចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីសេអ៊ូល នេះ បានទទួលរងការប៉ះពាល់ដោយសារការកើនឡើងនៃភាពតានតឹង៕