
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រាប់ក្រុមមេដឹកនាំនៃទីភ្នាក់ងារសារព័ត៌មានពិភពលោក នៅមុនវេទិកាសេដ្ឋកិច្ចអន្តរជាតិ សេន ភីធ័រស្បើក (Saint Petersburg) (SPIEF) កាលពីថ្ងៃពុធ សប្ដាហ៍នេះ ថា សហរដ្ឋអាមេរិក ខ្វល់តែភាពអស្ចារ្យរបស់ខ្លួន ហើយចូលខ្លួនពាក់ព័ន្ធក្នុងវិបត្តិអ៊ុយក្រែន គឺដើម្បីបំពេញមហិច្ឆតាពិភពលោករបស់ខ្លួនតែប៉ុណ្ណោះ។
ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធារាប់សិបពាន់លានដុល្លារដល់ទីក្រុងគីវ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។
នៅពេលត្រូវបានសួរអំពីការផ្លាស់ប្តូរដ៏មានសំខាន់នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសរុស្ស៊ី លោក Putin បាននិយាយថា កត្តានេះពឹងផ្អែកភាគច្រើនលើទីក្រុងវ៉ាស៊ីនតោនខ្លួនឯង និងការយល់ឃើញពីការពិតរបស់ខ្លួន។ លោកប្រធានាធិបតី រូបនេះ បន្តថា អាមេរិក បច្ចុប្បន្នកំពុងឈ្លក់វង្វេងនឹងមហិច្ឆតាសកលនិយមដែលកំពុង បំផ្លាញសហរដ្ឋអាមេរិកខ្លួនឯងពីខាងក្នុង។
លោកបានប្រាប់អ្នកសារព័ត៌មានថា ការលូកដៃចូលពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះអ៊ុយក្រែន គ្រាន់តែជាការបង្ហាញឱ្យឃើញពីគោលនយោបាយសកលនិយមនោះតែប៉ុណ្ណោះទេ។
មេដឹកនាំកំពូលរុស្ស៊ីវ័យ៧១ឆ្នាំរូបនេះ បាននិយាយថា គ្មាននរណាម្នាក់នៅក្នុងសហរដ្ឋអាមេរិកខ្វល់ពីផលប្រយោជន៍អ៊ុយក្រែនទេ។ ជនជាតិអាមេរិក មិនប្រយុទ្ធដើម្បីអ៊ុយក្រែន ឬប្រជាជនអ៊ុយក្រែនទេ ពួកគេកំពុងប្រយុទ្ធដើម្បីភាពអស្ចារ្យរបស់ខ្លួន និងភាពជាអ្នកដឹកនាំពិភពលោកតែប៉ុណ្ណឹង។ ។
តាមការលើកឡើងរបស់លោក Putin រដ្ឋបាលបច្ចុប្បន្ននេះ ពុំចាប់អារម្មណ៍ខ្លាំងទេក្នុងការជួយក្រុងគីវ ឱ្យយកឈ្នះលើការប្រឈមដាក់គ្នាដែលកំពុងបន្ត ក្រៅតែពីបានតាំងចិត្តថា នឹងរារាំងជ័យជម្នះរបស់ រុស្ស៊ីនឹងឯង ព្រោះពួកគេជឿថា នឹងធ្វើឱ្យអាប់ឱនដល់ភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិក៕