មេដឹកនាំក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា ក្រុមនេះទាមទារឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា ជាអចិន្ត្រៃយ៍ និងការដកទ័ពចេញរបស់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃផែនការបទឈប់បាញ់ ដោយនោះអាចការប៉ះទង្គិចជាក់ស្តែងចំពោះសំណើបទឈប់បាញ់ ដែលត្រូវបានលើកឡើងកាលពីសប្តាហ៍មុនដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។

ទន្ទឹមនឹងនេះ អ៊ីស្រាអែល បាននិយាយថានឹងមិនមានការបញ្ឈប់ការប្រយុទ្ធគ្នាក្នុងអំឡុងពេលកិច្ចចរចាបទឈប់បាញ់នោះទេ ហើយខ្លួនក៏បានបើកការវាយលុកថ្មីមួយលើផ្នែកកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប នៅជិតទីក្រុងចុងក្រោយដែលមិនទាន់ត្រូវបានវាយប្រហារដោយរថក្រោះរបស់អ៊ីស្រាអែល។
ប្រធានក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយ៉េ (Ismail Haniyeh) បាននិយាយថា «ចលនា និងបក្សពួកនៃក្រុមតស៊ូនឹងដោះស្រាយយ៉ាងហ្មត់ចត់ និងវិជ្ជមានជាមួយនឹងកិច្ចព្រមព្រៀងណាមួយ ដែលផ្អែកលើការបញ្ចប់ដ៏ទូលំទូលាយនៃការឈ្លានពាន និងការដកខ្លួនចេញទាំងស្រុង រួមនឹងការដោះដូរអ្នកទោស»។
ការលើកឡើងរបស់លោក ហានីយ៉េ នេះហាក់ដូចជាផ្តល់ការឆ្លើយតបរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទៅនឹងសំណើដែលលោក បៃដិន បានបង្ហាញកាលពីសប្តាហ៍មុន។ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនកំពុងរង់ចាំស្តាប់ចម្លើយពីក្រុមហាម៉ាស ចំពោះអ្វីដែលលោក បៃដិន ពិពណ៌នាថាជាគំនិតផ្តួចផ្តើមរបស់អ៊ីស្រាអែល។
បន្ទាប់ពីមានបទឈប់បាញ់រយៈពេលខ្លីមួយក្នុងខែវិច្ឆិកា មក ការប៉ុនប៉ងទាំងអស់ដើម្បីរៀបចំបទឈប់បាញ់បានបរាជ័យ ដោយក្រុមហាម៉ាស បានទទូចលើការទាមទាររបស់ខ្លួនសម្រាប់ការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍ ខណៈពេលដែលអ៊ីស្រាអែល និយាយថា ខ្លួនបានរៀបចំដើម្បីពិភាក្សាតែការផ្អាកបណ្តោះអាសន្នប៉ុណ្ណោះ រហូតដល់ក្រុមសកម្មប្រយុទ្ធនេះត្រូវបានលុបបំបាត់៕

