ក្រុមអ្នករត់ចោលស្រុកកូរ៉េខាងជើង និងសកម្មជន នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា ពួកគេបានបង្ហោះ បាឡុងផ្ទុកដោយខិត្តប័ណ្ណ ដែលមានសារប្រឆាំងទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ៦ មិថុនា នេះ ខណៈមានភាពតានតឹងកាន់តែខ្លាំងនៅលើឧបទ្វីបកូរ៉េ។

ក្រុមអ្នករត់ចោលស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បាឡុងចំនួន១០ផ្ទុកដោយខិត្តប័ណ្ណប្រហែល២០០.០០០សន្លឹក ក្រដាសប្រាក់ចំនួន២.០០០ដុល្លារ និងដ្រាយUSB (USB drives) ដែលមានតន្ត្រីក្រុមចម្រៀងK-pop និងរឿងភាគ ត្រូវបានបង្ហោះនៅទីក្រុងព្រំដែន ផូជុន(Pocheon)។
ក្រុមនេះបានថ្កោលទោសមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចំពោះការមិនព្រមសូមអភ័យទោស បន្ទាប់ពីបានបញ្ជូនបាឡុងផ្ទុកសំរាមចូលទៅកូរ៉េខាងត្បូង នាំមកនូវភាពអាម៉ាស់ដ៏ធ្ងន់ធ្ងរបំផុតដល់ប្រជាជន ៥០លាននាក់របស់យើង ។
កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអាទិត្យទី ២ ខែមិថុនាថា ខ្លួននឹងបញ្ឈប់ការបញ្ជូនបាឡុងផ្ទុកសំរាមឆ្លងកាត់ព្រំដែនទៅកាន់កូរ៉េខាងត្បូង ប៉ុន្តែបានប្តេជ្ញាថានឹងបន្តអនុវត្ត ប្រសិនបើខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ត្រូវបានហោះហើរម្តងទៀតពីកូរ៉េខាងត្បូង ចូលក្នុងទឹកដីរបស់ខ្លួន៕
