មេដឹកនាំនៃសម្ព័ន្ធអភិវឌ្ឍន៍ជាតិឥណ្ឌា ដែលរួមមានគណបក្សប្រឆាំងយ៉ាងហោចណាស់ជាង២០គណបក្ស បានជួបប្រជុំគ្នា កាលពីថ្ងៃពុធ នៅលំនៅឋានរបស់ប្រធានគណបក្ស Congress លោក ម៉ាលីកាជុន ខាច(Mallikarjun Kharge) ក្នុងទីក្រុង New Delhi ខណៈពួកគេបានដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងភាពស្មោះត្រង់របស់ពួកគេ។

លោក Kharge បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ប្លុកសម្ព័ន្ធអភិវឌ្ឍន៍ជាតិឥណ្ឌា នឹងបន្តប្រយុទ្ធប្រឆាំងការគ្រប់គ្រងបែបហ្វាស៊ីសនិយមរបស់គណបក្ស BJP ដឹកនាំដោយ លោក Modi។ យើងនឹងមានចំណាត់ការសមស្របតាមពេលវេលា ដើម្បីបំពេញបំណងប្រាថ្នារបស់ប្រជាជន ដែលមិនត្រូវការការគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្ស BJP របស់លោក Modi។

សម្ព័ន្ធលទ្ធិប្រជាធិបតេយ្យជាតិ (NDA) របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានដាក់ឈ្មោះជាផ្លូវការកាលពីថ្ងៃពុធ ដើម្បីដឹកនាំរដ្ឋាភិបាលចម្រុះថ្មីសម្រាប់អាណត្តិទី៣ជាប់ៗគ្នា មួយថ្ងៃបន្ទាប់ពីសម្ព័ន្ធនេះ ទទួលបានអំណាចជាថ្មី ដោយមានសំឡេងភាគច្រើនគួរឱ្យភ្ញាក់ផ្អើល។
លោក Modi ជាប្រជាជននិយម ដែលបានគ្រប់គ្រងនយោបាយឥណ្ឌាចាប់តាំងពីឆ្នាំ២០១៤ នឹងដឹកនាំរដ្ឋាភិបាលដែលពឹងផ្អែកលើការគាំទ្រពីសម្ព័ន្ធក្នុងតំបន់ ដែលភាពស្មោះត្រង់មានភាពស្ទាក់ស្ទើរ អាចធ្វើឱ្យមានភាពស្មុគស្មាញដល់របៀបវារៈកំណែទម្រង់របស់គណៈរដ្ឋមន្ត្រីថ្មី។
សម្ព័ន្ធលទ្ធិប្រជាធិបតេយ្យជាតិ (NDA) ដឹកនាំដោយគណបក្ស BJP ទទួលបាន ២៩៣ អាសនៈនៅក្នុងសភាជាន់ទាប ដែលមានសមាជិក៥៤៣រូប ច្រើនជាងអាសនៈសំឡេងភាគច្រើន ២៧២ អាសនៈដែលត្រូវការដើម្បីបង្កើតរដ្ឋាភិបាល។
សម្ព័ន្ធអភិវឌ្ឍន៍ជាតិឥណ្ឌា ដឹកនាំដោយគណបក្ស Congress និយមកណ្តាល របស់ លោក រ៉ាហ៊ុល ហ្គានធី(Rahul Gandhi) បានទទួលអាសនៈចំនួន២៣០ ច្រើនជាងការព្យាករណ៍។