យោងតាមអង្គការសកម្មភាពប្រឆាំងភាពអត់ឃ្លាន បាននិយាយឲ្យដឹងថា តំបន់ហ្កាហ្សាស្ទ្រីប ប្រឈមមុខទៅនឹងការផ្ទុះឡើងជំងឺដែលមិនធ្លាប់មានពីមុនមក នៅក្នុងរដូវក្តៅនេះ បណ្តាលមកពីគំនរសំរាម ដែលមិនបានប្រមូលទុកនៅស្អុយរលួយ ជំរុញឱ្យមានទុក្ខលំបាកបន្ថែមទៀតសម្រាប់ប្រជាជនដែលទទួលរងកង្វះស្បៀងអាហាររួចទៅហើយ។

លោកស្រី ហ្វេនៀ ឌីយ៉ាម៉ានទី(Fenia Diamanti) អ្នកសម្របសម្រួលគម្រោង នៃស្ថានភាពគ្រាអាសន្នរបស់អង្គការមិនមែនរដ្ឋាភិបាល បានប្រាប់សារព័ត៌មានរ៉យទ័រថា ការរៀបចំសំរាមគឺជាកង្វល់ចម្បងមួយ ដោយសារវាពុំអាចប្រមូលចេញពីដែនដីដែលហែកហួរដោយសង្រ្គាមមួយនេះ ហើយប្រជាជន ពុំអាចយកទៅបោះចោលនៅកន្លែងចាក់សំរាមបានទេ។

លោកស្រី Diamanti បាននិយាយថា បរិមាណកាកសំណល់រឹង មាននៅពាសពេញតំបន់ហ្កាហ្សា បណ្តាលឱ្យមានបញ្ហាអនាម័យជាច្រើន។
យើងព្រួយបារម្ភថា ជំងឺដែលមិនធ្លាប់មាន នៅក្នុងតំបន់ហ្កាហ្សានេះពីមុនមក នឹងលេចចេញ ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនទាំងអស់ ជាពិសេសនៅរដូវក្តៅដែលសីតុណ្ហភាពនឹងកើនឡើង។
កាលពីរដូវក្តៅមុន រលកកម្តៅនៅតំបន់ហ្កាហ្សា បានធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់៣៨អង្សារសេ បណ្តាលឱ្យដាច់ចរន្តអគ្គិសនីរយៈពេល១២ ម៉ោង។
អង្គការសកម្មភាពប្រឆាំងភាពអត់ឃ្លាន ក៏បានជួយចែកចាយទឹកទទួលទានដល់ផ្ទះបាយសហគមន៍ និងមនុស្សជាច្រើន ព្រមទាំងការចែកចាយអាហារបំប៉នដល់កុមារ និងជនងាយរងគ្រោះនៅក្នុងដែនដី តំបន់ហ្កាហ្សា។