ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែស្តង់ដារកម្រិតអន្តរជាតិមុនគេនៅកម្ពុជា ហើយកំពង់ផែនេះនឹងចូលរួមចំណែក ក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបានថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនកំពតផត ដែលបានប្រឹងប្រែងរួមគ្នាសាងសង់កំពង់ផែនេះឱ្យចេញជារូបរាង។ សម្ដេច ថ្លែងថា កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យ អាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយរាជរដ្ឋាភិបាលត្រូវខិតខំ បន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តរីកចម្រើនថែមទៀត។
សូមជម្រាបថា កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ កំពង់ផែនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពតទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ៕អត្ថបទ៖ វ៉ន ដារ៉ា