សេចក្តីស្នើច្បាប់ការពារសិទ្ធិការពន្យារកំណើត បានបរាជ័យក្នុងការពន្លឿននៅក្នុងការបោះឆ្នោតនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បន្ទាប់ពីសមាជិកសភាគណបក្សប្រជាធិបតេយ្យ បានបង្ខំឱ្យបោះឆ្នោត ក្នុងគោលបំណងផ្តោតការយកចិត្តទុកដាក់ជាសាធារណៈលើសិទ្ធិបន្តពូជនៅមុនការបោះឆ្នោត នៅខែវិច្ឆិកា។

សិទ្ធចំពោះច្បាប់ស្តីពីការពន្យាកំណើត ដែលនឹងការពារសិទ្ធិគ្រប់គ្រងកំណើត នៅទូទាំងប្រទេស ទទួលបានសំឡេងគាំទ្រ៥១ សំឡេង និង៣៩សំឡេងប្រឆាំង ប៉ុន្តែពុំទទួលបានសំឡេងគ្រប់គ្រាន់៦០សំឡេងរបស់សភា សម្រាប់ការឈានទៅរកការជជែកដេញដោលពេញលេញ។
ការប្រយុទ្ធប្រឆាំងលើសិទ្ធិបន្តពូជ គឺជាចំណុចក្តៅមួយនៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសចាប់តាំងពី សេចក្តីសម្រេចរបស់តុលាការកំពូលឆ្នាំ ២០២២ ដើម្បីបដិសេធសេចក្តីសម្រេច Roe v. Wade ជាសេចក្តីសម្រេចដែលបានទទួលស្គាល់សិទ្ធិក្នុងការរម្លូតកូន។
បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីខែមុន បានស្ថិតក្រោមការរិះគន់ បន្ទាប់ពីមានការអត្ថាធិប្បាយដែលគូប្រជែងនយោបាយបាននិយាយថា បានស្នើឲ្យលោកពិចារណាលើការហាមប្រាមការគ្រប់គ្រងកំណើត ដែលនាំឱ្យលោកឆ្លើយតបជាសាធារណៈថា លោកនឹងមិនគាំទ្រទង្វើបែបនេះឡើយ។
នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters កាលពីខែឧសភា លើពលរដ្ឋអាមេរិកចំនួន ៣.៩៣៤ នាក់ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ៣៧ភាគរយបាននិយាយថា លោក Biden មានវិធីសាស្រ្តល្អប្រសើរ ចំពោះការរម្លូតកូន។

