មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា ប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រការ៉ាអ៊ីបនៅរដូវក្តៅនេះ ជាផ្នែកនៃសមយុទ្ធកងទ័ពជើងទឹក ដែលទំនងជានឹងរួមបញ្ចូលការចូលចតតាមកំពង់ផែនៅក្នុងប្រទេសគុយបា និងប្រហែលជាអាចឈប់សំចតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។

មន្ត្រីរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក មិនមើលឃើញថា សកម្មភាពដែលពាក់ព័ន្ធនឹងនាវា និងយន្តហោះមួយចំនួនតូចនេះជាការគំរាមកំហែងនោះទេ ប៉ុន្តែកងទ័ពជើងទឹកអាមេរិក នឹងតាមដានសមយុទ្ធនេះ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានកើនឡើងខ្លាំងចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែន ឆ្នាំ២០២២។ មន្ត្រីដដែលនេះបាននិយាយថា សកម្មភាពទ័ពជើងទឹករបស់រុស្ស៊ី បានកើនឡើងដោយសារតែការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន។
មន្ត្រី ដែលមិនបញ្ចេញឈ្មោះនេះបានបន្តថា «ជាផ្នែកមួយនៃសមយុទ្ធយោធាជាប្រចាំរបស់រុស្ស៊ី ដែលយើងរំពឹងថាធ្វើឡើងនៅរដូវក្តៅនេះ រុស្ស៊ីនឹងធ្វើសកម្មភាពទ័ពជើងទឹក និងផ្លូវអាកាសកាន់តែខ្ពស់នៅជិតសហរដ្ឋអាមេរិក។ សមយុទ្ធត្រូវបានគេមើលឃើញថាជាផ្នែកនៃសកម្មភាពកងទ័ពជើងទឹកជាប្រចាំ ហើយ «យើងមិនមានការព្រួយបារម្ភចំពោះការដាក់ពង្រាយរបស់រុស្ស៊ី នេះទេ ព្រោះមិនបង្កការគំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអាមេរិក»៕
