អ៊ីស្រាអែល បានកំណត់គោលដៅសាលារៀនមួយនៅតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) នេះ ដែលខ្លួនបាននិយាយថាមានបរិវេណក្រុមហាម៉ាស ដោយបានសម្លាប់អ្នកប្រយុទ្ធដែលពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដែលបានបង្កឱ្យមានសង្រ្គាមរយៈពេលប្រាំបីខែ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយហ្កាហ្សាបាននិយាយថា ការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ដែលកំពុងស្វែងរកទីជម្រក។

លោក អ៊ីស្មែល អាល់ ថាវ៉ាបតា (Ismail Al-Thawabta) នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថាសាលារៀនរបស់អង្គការសហប្រជាជាតិនៅជំរំ នូសៃរ៉ាត់ (Nuseirat) ភាគកណ្តាលហ្កាហ្សា បានលាក់ប៉ុស្តិ៍បញ្ជាការរបស់ក្រុមហាម៉ាស។

លោក ថាវ៉ាបតា បានប្រាប់សារព័ត៌មានរ៉យទ័រថា «អ៊ីស្រាអែល ប្រើការភូតកុហកចំពោះមតិសាធារណៈតាមរយៈរឿងប្រឌិត ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលខ្លួនបានធ្វើប្រឆាំងនឹងមនុស្សភៀសខ្លួនរាប់សិបនាក់»។ យោធាអ៊ីស្រាអែលបាននិយាយថា មុនពេលការវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែល យោធាបានចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដល់ជនស៊ីវិល។
ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានបង្កសង្រ្គាមដោយការវាយលុកទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៣៦.០០០ នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់នេះ ដែលនិយាយថាមនុស្សរាប់ពាន់នាក់ទៀតត្រូវបានភ័យខ្លាចកប់នៅក្រោមគំនរបាក់បែក៕