អនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់អ៊ុយក្រែន បានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃពុធ ហើយបានជំរុញឱ្យចិន បញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល ដែលបានគ្រោងធ្វើឡើងស្តីពីសង្រ្គាមអ៊ុយក្រែន ថ្ងៃ១៤ដល់១៦ ខែនេះ ក្នុងប្រទេសស្វីស ដោយសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលប្រទេសចិនឱ្យចូលរួមបាន។
ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ នៅខែមិថុនានោះទេ។ រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងនៅឱ្យឆ្ងាយ ដោយហៅការចូលរួមរបស់ភាគីជម្លោះទាំងពីរថា ជាតម្រូវការជាអាទិភាព សម្រាប់សន្និសីទសន្តិភាពសំខាន់ៗណាមួយ។

ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉េកាំងរវាងអនុរដ្ឋមន្ត្រីការបរទេសទីមួយលោក អាន់ឌ្រី ស៊ីប៊ីហា (Andriy Sybiha) និងអនុរដ្ឋមន្ត្រីការបរទេសចិន លោក សុន វ៉េតុង (Sun Weidong) ថា ភាគីអ៊ុយក្រែនបានបង្ហាញក្តីសង្ឃឹមថាការចូលរួមរបស់ប្រទេសចិននៅក្នុងព្រឹត្តិការណ៍នេះ អាចជាឱកាសដ៏ល្អមួយក្នុងការរួមចំណែកជាក់ស្តែងដើម្បីសម្រេចបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅក្នុងអ៊ុយក្រែន ។
ទីក្រុង Kyiv និយាយថា ប្រទេសជាង ១០០ បានទទួលយកការអញ្ជើញរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីពិភាក្សាអំពីការផ្តល់ផែនការសន្តិភាពដែលដាក់ចេញដោយ លោក ប្រធានាធិបតី Volodymyr Zelenskiy ក្នុងបំណាងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីពេញបន្ទុកនៅពេលនេះដែលបានឈានចូលដល់ឆ្នាំទីបីទៅហើយនោះ។។
ក្រសួងរបស់ចិន បាននិយាយថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់និង ទស្សនៈគ្នា អំពីវិបត្តិអ៊ុយក្រែន និងបញ្ហាអន្តរជាតិ ក៏ដូចជាក្នុងតំបន់ដែលមានការព្រួយបារម្ភជារួម៕
