ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ (DSCA) បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 និគ្រឿងសម្រាប់ជួសជុលទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៨០ លានដុល្លារ។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ DSCA នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់គ្រឿងបន្លាស់នេះនឹងជួយ «កែលម្អសន្តិសុខរបស់អ្នកទិញ និងជួយក្នុងការរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់»។
អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ហើយបាននិយាយថា ការលក់នេះនឹងជំរុញសមត្ថភាពប្រយុទ្ធ និងតម្រូវការការពារកងទ័ពអាកាសរបស់ខ្លួន ហើយដំណើរការលក់នេះនឹងត្រូវបញ្ចប់នៅខែកក្កដា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងសភានៅថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) នេះ ប្រមុខការពារជាតិកោះតៃវ៉ាន់ លោក វែលលីងតុន ខូ (Wellington Koo) បាននិយាយថា តៃវ៉ាន់ត្រូវតែបង្កើនសមត្ថភាពការពារខ្លួនរបស់ខ្លួន ដើម្បីជាផ្នែកនៃ «ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព» នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។
ចិន បានទាមទារម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បញ្ឈប់ការលក់អាវុធទៅកោះនេះ ដែលទីក្រុងប៉េកាំង អះអាងថាជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់ទីក្រុងតៃប៉ិ៕
