ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា លក្ខខណ្ឌនានានៅពុំទាន់រួចរាល់ សម្រាប់ប្រទេសរបស់លោក ក្នុងការបន្តការចរចាសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុននៅឡើយទេ។ លោកពូទីន បាននិយាយដូច្នេះ ទៅកាន់អ្នកតំណាងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចនៅទីក្រុង សេន ភីធឺស្បើក។ រដ្ឋាភិបាលប្រទេសជប៉ុន រក្សាការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដែនដីភាគខាងជើង និងបញ្ចប់សន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។ រុស្ស៊ី គ្រប់គ្រងកោះចំនួនបួន ដែលប្រទេសជប៉ុន ក៏បានអះអាងសិទ្ធលើកោះទាំងនេះ។ រដ្ឋាភិបាលជប៉ុន អះអាងកោះទាំងនោះ ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសជប៉ុន និងបាននិយាយថា កោះទាំងនេះត្រូវបានកាន់កាប់ដោយខុសច្បាប់ក្រោយសង្គ្រាមលោកលើកទីពីរ។

លោក ពូទីន ពុំបានច្រានចោលការបន្តកិច្ចចរចានោះទេ ប៉ុន្តែ បានទទូចថា វានឹងកើតឡើងនៅពេលដែលលក្ខខណ្ឌចាំបាច់ទាំងអស់ត្រូវបានបំពេញ។ លោក និយាយថា ប្រទេសជប៉ុន បានប្រកាសថា ខ្លួនចូលរួមក្នុងការប៉ុនប៉ងដើម្បីសម្រេចយុទ្ធសាស្ត្រផ្តួលរុស្ស៊ី នោះហើយជាឧបសគ្គ ហើយប្រទេសជប៉ុន គួរតែផ្លាស់ប្តូរជំហររបស់ខ្លួនជាមុនសិន។ លោក និយាយកាលពី ខែមករា ថា លោក នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូង ទៅកាន់កោះទាំងនោះ នៅថ្ងៃណាមួយ។
ប្រធានគណៈរដ្ឋមន្ត្រីជប៉ុន លោក Hayashi Yoshimasa បាននិយាយនៅក្នុងទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍នេះថា ការឆ្លើយតបរបស់រុស្ស៊ី គឺអយុត្តិធម៌ និងមិនអាចទទួលយកបានទាំងស្រុង។ លោក និយាយថា រដ្ឋាភិបាលជប៉ុន មិនអាចនិយាយអ្វីជាក់លាក់បានទេ ដោយសារតែទំនាក់ទំនងជប៉ុន-រុស្ស៊ី ស្ថិតក្នុងស្ថានភាពធ្លាក់ចុះខ្លាំង ដោយសារតែការវាយលុកលើអ៊ុយក្រែន ប៉ុន្តែខ្លួននឹងបន្តរក្សាគោលនយោបាយដោះស្រាយបញ្ហា និងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។
លោក និយាយថា ប្រទេសជប៉ុន នឹងបន្តតាមដានស្ថានភាពដោយយកចិត្តទុកដាក់ និងឆ្លើយតបយ៉ាងសមស្រប។
ទីក្រុងមូស្គូ បាននិងកំពុងប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងប្រទេសជប៉ុន ចាប់តាំងពីរដ្ឋាភិបាលជប៉ុន រួមជាមួយបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការឈ្លានពានលើអ៊ុយក្រែន។