ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា រុស្ស៊ី មិនខ្វល់ថាប្រធានាធិបតីអាមេរិកបន្ទាប់ជានរណាទេ ព្រោះនេះប្រហែលជាមិនមានការផ្លាស់ប្តូរអ្វីធំដុំឡើយសម្រាប់ទីក្រុងមូស្គូ ហើយថា ប្រព័ន្ធតុលាការរបស់សហរដ្ឋអាមេរិក កំពុងត្រូវបានប្រើប្រាស់យ៉ាងច្បាស់នៅក្នុងការប្រយុទ្ធនយោបាយប្រឆាំងនឹងលោក ដូណាល់ ត្រាំ (Donald Trump)។

ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់លោក ពូទីន លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដែលលោកចាត់ទុកជាវិធានការការពារប្រឆាំងនឹងអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានមើលឃើញថាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ មក។
លោក ពូទីន បាននិយាយថា រដ្ឋបាលប្រធានាធិបតីកាលពីមុនរបស់លោក ត្រាំ បានធ្វើឱ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយវាពិបាកក្នុងការនិយាយថាតើនឹងមានអ្វីប្លែកនៅជុំនេះ ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា។
លោក ពូទីន ក៏បានចោទប្រកាន់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ដែលជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាដ៏ធំបំផុតតែមួយគត់ដល់អ៊ុយក្រែន ថាបានធ្វើកំហុសម្ដងហើយម្ដងទៀត ដែលលោកបានចោទប្រកាន់ថាកំពុង «ដុតបញ្ឆេះ» ប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក និងការដឹកនាំពិភពលោក។

ដោយហៅលោក បៃដិន ថាជាអ្នកនយោបាយចាស់គំរិល លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ នឹងមិនជ្រៀតជ្រែកនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក ដូចដែលត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតដោយសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក នាពេលកន្លងមកនេះឡើយ៕