
ក្រុមអាជ្ញាធរនៅរដ្ឋតំបន់ភ្នំភាគខាងជើង Himachal Pradesh ប្រទេសឥណ្ឌា បានរកឃើញឧបទ្ទេវហេតុភ្លើងឆេះព្រៃជាង ១.៥០០កន្លែងក្នុងរយៈពេល ៥០ថ្ងៃកន្លងមកនេះ ដោយបានធ្វើឲ្យប៉ះពាល់ដល់ដីព្រៃជាង ១៣.០០០ហិចតា ។
ក្រុមអាជ្ញាធរ បានព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃនៅក្នុងតំបន់ ស្របពេលដែលប្រទេសឥណ្ឌា ប្រឈមនឹងសីតុណ្ហភាពខ្ពស់ខុសពីធម្មតាអំឡុងរដូវក្តៅនេះ ។
ជាទូទៅ ប្រទេសឥណ្ឌា តែងមើលឃើញករណីភ្លើងឆេះព្រៃញឹកញាប់ ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ ចាប់ពីពាក់កណ្តាលខែមីនា រហូតដល់រដូវវស្សាដែលចាប់ផ្តើមនៅក្នុងខែមិថុនានេះ ។
ខណៈពេលនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីញូវ ដែល្លី នៅតែបន្តឈរតម្រង់ជួររង់ចាំរថយន្តសឺទែន ស្របពេលដែលរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ជួបរលកកម្តៅ និងវិបត្តិទឹកធ្ងន់ធ្ងរ ។
ពលរដ្ឋមួយចំនួននិយាយថា រថយន្តសឺទែនទឹកពុំមានទឹកពេញនោះទេ ហើយជម្លោះតែងតែកើតមានឡើង ពេលដែលមនុស្សមួយចំនួន ដណ្តើមទឹកគ្នា ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងតំបន់អាស៊ី រួមទាំងនៅប្រទេសប៉ាគីស្ថាន និងប្រទេសឥណ្ឌា ក្នុងរយៈពេល ១ខែកន្លងមកនេះ កាន់តែអាក្រក់ជាងមុន ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ៕