
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B ពីលើឧបទ្វីបកូរ៉េ កាលពីថ្ងៃពុធ (ទី៥ ខែមិថុនា) នៅក្នុងការទម្លាក់គ្រាប់ពិតៗ លើដែនដីកូរ៉េខាងត្បូងជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ដែលជាផ្នែកនៃសមយុទ្ធផ្លូវអាកាសរួមគ្នា រវាងប្រទេសទាំង២។
សហរដ្ឋអាមេរិកបាននិយាយថា ជាផ្នែកមួយនៃសមយុទ្ធ យន្តហោះ B-1B Lancer របស់អាមេរិក និង F-15K Eagles របស់កូរ៉េខាងត្បូងចំនួន ២គ្រឿង បានទម្លាក់គ្រាប់បែក JDAM ទម្ងន់ ៥០០ផោន (គ្រាប់បែកវាយប្រហារដោយផ្ទាល់រួមគ្នា) ដើម្បីវាយប្រហារគោលដៅជាច្រើនក្នុងពេលដំណាលគ្នា។ បន្ទាប់មក យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បានហោះហើររួមជាមួយនឹងយន្តហោះចម្បាំង F-35A និង KF-16 របស់កូរ៉េខាងត្បូង ក៏ដូចជាយន្តហោះចម្បាំង និងនាវាដឹកប្រេងរបស់អាមេរិកផងដែរ។
គួរបញ្ជាក់ថា សមយុទ្ធនេះកើតមានឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ ជាមួយកូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះបានបញ្ជូនបាឡុងរាប់រយដែលដឹកសំរាមឆ្លងកាត់ព្រំដែនទៅកាន់កូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង និងជាមន្ត្រីជាន់ខ្ពស់ លោកស្រី Kim Yo Jong បាននិយាយថា បាឡុងនោះ គឺជា «សកម្មភាពឆ្លើយតបយ៉ាងតឹងរ៉ឹង» ចំពោះការអនុវត្តរយៈពេលជាច្រើនឆ្នាំរបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនបាឡុង ដែលមានខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើង តាមមធ្យោបាយផ្សេងៗ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា លំហាត់សមរួមគ្នា កាលពីថ្ងៃទី៥ ខែមិថុនានេះ គឺជាលើកទី១ ដែលយន្តហោះ B-1B បានធ្វើ «ការទម្លាក់គ្រាប់ពិត» នៅលើឧបទ្វីបកូរ៉េ ចាប់តាំងពីឆ្នាំ២០១៧ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការ «វាយលុកគោលដៅបានយ៉ាងជាក់លាក់»៕