
បណ្ដាមេដឹកនាំពិភពលោក និងអតីតយុទ្ធជន បានធ្វើដំណើរទៅជួបជុំគ្នា នៅតំបន់ Normandy របស់ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែមិថុនា) នេះ ដើម្បីប្រារព្ធខួបលើកទី៨០ នៃថ្ងៃជ័យជម្នះឡើងដល់ដីគោក ឬ D-Day កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ពោលគឺនៅពេលដែលទាហានសម្ព័ន្ធមិត្តជាង ១៥០.០០០នាក់ បានលុកលុយប្រទេសបារាំង ដែលជាចំណុចរបត់ដ៏សំខាន់មួយនៃសង្រ្គាមលោកលើកទី២។
នេះគឺជាអ្វីដែលត្រូវដឹងត្រួសៗអំពីព្រឹត្តិការណ៍មួយនេះ។ ហេតុអ្វីបានជាពិធីនេះសំខាន់? ដោយសង្រ្គាមផ្ទុះឡើងនៅតាមព្រំដែនអឺរ៉ុប នៅប្រទេសអ៊ុយក្រែន ដូច្នេះ ព្រឹត្តិការណ៍ខួបទិវា D-Day នេះ នាំមកនូវសំឡេងរំពងយ៉ាងពិសេស។ ចំនួននៃអតីតយុទ្ធជនរបស់អង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងបារាំង ដែលនៅមានជីវិត កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។ នេះជាពិធីដ៏សំខាន់ចុងក្រោយមួយ នៅតំបន់ឆ្នេរ Normandy ដើម្បីផ្តល់កិត្តិយសដល់អ្នកដែលនៅរស់រានមានជីវិតមួយចំនួន។
ចុះតើមេដឹកនាំរូបណាខ្លះ នឹងចូលរួមនៅទីនោះ? បើតាមដឹង គេរំពឹងថា នឹងមានភ្ញៀវប្រហែល ៤.៥០០នាក់ ក្នុងនោះរួមទាំងអតីតយុទ្ធជនប្រហែល ២០០នាក់ផងដែរ ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងបារាំង។ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងមានវត្តមានទីនោះ ខណៈកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅបារាំង។ ចំណែករុស្ស៊ីនឹងមិនមានតំណាងចូលរួមទេ ខណៈប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមានឈ្មោះក្នុងបញ្ជីភ្ញៀវនោះឡើយ ដោយសារការលុកលុយអ៊ុយក្រែន។
ប្រភពពីប្រធានាធិបតីបារាំងបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងចូលរួមក្នុង «ទិដ្ឋភាពជាប្រវត្តិសាស្ត្រនេះ»។ ព្រះមហាក្សត្រ Charles ម្ចាស់ក្សត្រី Camilla និងព្រះអង្គម្ចាស់ William របស់ចក្រភពអង់គ្លេស នឹងស្ថិតក្នុងចំណោមភ្ញៀវ រួមជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak លោក Justin Trudeau របស់ប្រទេសកាណាដា និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។ ពិធីនេះនឹងចាប់ផ្តើមនៅម៉ោងប្រហែល ៨:៣០ ម៉ោងសកល នៅវិមាន British Normandy Memorial នៅតំបន់ Ver-sur-Mer។ នៅម៉ោងប្រហែល ១០ ម៉ោងសកល លោក Biden នឹងដឹកនាំពិធីរបស់សហរដ្ឋអាមេរិក ដោយមានវត្តមានរបស់អតីតយុទ្ធជន D-Day។ ហើយនៅម៉ោង ១៣ម៉ោងសកល លោក Macron នឹងធ្វើជាអធិបតីក្នុងពិធីអន្តរជាតិមួយនៅឯឆ្នេរ Omaha ជាកន្លែងដែលកងកម្លាំងសហរដ្ឋអាមេរិក បានរងនូវការបាត់បង់ជីវិតច្រើនបំផុត នៅក្នុងការវាយប្រហាប្រឆាំងនឹងការការពាររបស់អាល្លឺម៉ង់ដែលមានកម្លាំងខ្លាំងជាង៕