
តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia ឡើងដល់ ៣សែនកោដិដុល្លារជាលើកដំបូង កាលពីថ្ងៃពុធ (ទី៥ ខែមិថុនា) ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ ទទួលបានផលពីការប្រជែងគ្នា រវាងបណ្ដាក្រុមហ៊ុនធំៗរបស់ផ្សារហ៊ុន Wall Street ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
មូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីប AI បានកើនឡើងដល់ ៣,០១៩សែនកោដិដុល្លារ កាលពីថ្ងៃពុធ ដោយលើសតម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បន្តិច ដែលមានតម្លៃ ២,៩៩សែនកោដិដុល្លារ ហើយធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈធំបំផុតទី២ នៅសហរដ្ឋអាមេរិក ដោយនៅពីក្រោយទីផ្សាររបស់ក្រុមហ៊ុន Microsoft ដែលមានតម្លៃ ៣,១៥សែនកោដិដុល្លារ។
ឥឡូវនេះ Nvidia គឺជាក្រុមហ៊ុនទី៣ នៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន Apple និង Microsoft ដែលរកចំណូលបាន ៣សែនកោដិដុល្លារ។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបដែលមានមូលដ្ឋាននៅទីក្រុង Santa Clara មួយនេះ បានកើនឡើង ៥,២ភាគរយ ដោយតម្លៃឡើងដល់ប្រហែល ១.២២២,៤ដុល្លារ ក្នុងមួយហ៊ុន ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានបញ្ចប់ការជួញដូរ ជាមួយនឹងការកើនឡើង ០,៨ភាគរយ គឺ ១៩៦ដុល្លារ ក្នុង ១ហ៊ុន៕