
អ៊ីស្រាអែលមានគោលដៅសាលារៀនក្នុងតំបន់ហ្កាហ្សាស្រ្ទីបនៅថ្ងៃព្រហស្បតិ៍នេះ ដែលពួកគេនិយាយថា មានទីតាំងលាក់ខ្លួនរបស់ក្រុមហាម៉ាស់ ដោយបានសម្លាប់សកម្មប្រយុទ្ធជាច្រើននាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបង្កឲ្យកើតមានសង្រ្គាមរយៈពេល ៨ខែកន្លងមកនេះ ប៉ុន្តែសារព័ត៌មានហ្កាហ្សា រាយការណ៍ថា ការវាយប្រហារនេះ បានសម្លាប់ជនស៊ីវិលយ៉ាងហោច ២៧នាក់ ដែលកំពុងស្វែងរកទីជម្រក ។
លោក Ismail Al-Thawabta គឺជាប្រធានការិយាល័យព័ត៌មានអាជ្ញាធរគ្រប់គ្រងដោយក្រុមហាម៉ាស់ បានច្រានចោលការអះអាងរបស់អ៊ីស្រាអែលថា សាលារៀនរបស់ទីភ្នាក់ងារការងារជួយសង្រ្គោះអង្គការសហប្រជាជាតិ(UNRWA) នៅទីក្រុង Nuseirat ស្ថិតនៅភាគកណ្តាលហ្កាហ្សា មានលាក់ប៉ុស្តិ៍បញ្ជាការរបស់ក្រុមហាម៉ាស់ ។
លោក Thawabta និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមកាន់កាប់ប្រើប្រាស់ការកុហសដល់សាធាណរៈមតិ តាមរយៈរឿងប្រឌិតមិនពិត ដើម្បីបង្ហាញភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មដ៏ឃោឃៅដែលពួកគេបានធ្វើលើមនុស្សជម្លៀសខ្លួន ។
យោធាអ៊ីស្រាអែល និយាយថា មុនការវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែល យោធារបស់ពួកគេ បានចាត់វិធានការកាត់បន្ថយហានិភ័យលើផលប៉ះពាល់ដល់ជនស៊ីវិល ។
ការវាយប្រហារនេះដែរ បានកើតមានឡើង ក្រោយអ៊ីស្រាអែលប្រកាសយុទ្ធនាការយោធាថ្មីនៅតំបន់ភាគកណ្តាលហ្កាហ្សា ស្របពេលដែលពួកគេបន្តធ្វើសង្រ្គាមជាមួយក្រុមជីវពលហាម៉ាស់ ។ អ៊ីស្រាអែល អះអាងថា គ្មានទេការបញ្ឈប់សង្រ្គាម អំឡុងកិច្ចប្រជុំស្វែងរកបទឈប់បាញ់ ៕