
ប្រធានាធិបតី ប្រទេសអាហ្សង់ទីន លោក Javier Milei បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់ប្រទេស មានផែនការកាត់រំសាយមន្ត្រីរដ្ឋចំនួន ៥០.០០០នាក់ ជាផ្នែកមួយនៃការរឹតត្បិតបន្ទុកចំណាយរដ្ឋ ដែលត្រូវចាប់ផ្តើមនៅក្នុងខែធ្នូ។ នៅក្នុងសុន្ទរកថា នៅវេទិកាធុរកិច្ចអាមេរិកឡាទីនលើកទី ១០ លោក Milei បានបង្ហាញពីការកាត់បន្ថយយ៉ាងច្រើនក្នុងការចំណាយសាធារណៈ ។
លោកនិយាយថា សំណើគោលនយោបាយរបស់លោក ដើម្បីគ្រប់គ្រងការចំណាយសាធារណៈទាំងអស់ ដើម្បីជម្រុញកំណែទម្រង់សោធននិវត្តន៍ ដែលអាចដំណើរការតាមរយៈសភា ហើយ ការផ្លាស់ប្តូរដែលបានស្នើឡើង នឹងមានន័យថា មានការចំណាយកាន់តែច្រើន សម្រាប់ធនធានសារពើពន្ធ។
លោកនិយាយថា ចាប់តាំងពីលោកចូលកាន់តំណែងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ រដ្ឋាភិបាលបានកាត់បន្ថយចំនួនក្រសួង ហើយរចនាសម្ព័ន្ធរដ្ឋាភិបាលទាំងមូល ត្រូវបានកាត់បន្ថយពាក់កណ្តាល។ លោក បាននិយាយទៅកាន់អ្នកដឹកនាំធុរកិច្ច វិនិយោគិន និងសេដ្ឋវិទូថា យើងនឹងបញ្ចប់ការកាត់រំសាយមន្ត្រី៧៥.000 នាក់ ខណៈយើងបានកាត់បន្ថយ២៥.០០០នាក់ រួចហើយ។
ខណៈ វិធានការរឹតត្បិតថវិកា របស់លោក ត្រូវបានច្រានចោលដោយក្រុមប្រឆាំងនយោបាយ សហជីពការងារ អង្គការសង្គម និងសហជីព លោក Milei បានការពារពួកគេ ថាជាការចាំបាច់។
វិទ្យាស្ថានជាតិស្ថិតិ និងជំរឿន បានរាយការណ៍កាលពីខែឧសភាថា ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានចុះបញ្ជីអត្រាអតិផរណា ២៨៩,៤ ភាគរយនៅក្នុងខែមេសាឆ្នាំមុន និងអត្រា ៨,៨ ភាគរយកាលពីខែមេសាកន្លងទៅនេះ ជាតួលេខប្រចាំខែតែមួយខ្ទង់លើកដំបូង ចាប់តាំងពីខែតុលាមក។