ភ្នំពេញ ៖ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា វិស័យវប្បធម៌ ជាវិស័យមួយដ៏មានសារសំខាន់ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវយល់ឱ្យបានច្បាស់ថា វប្បធម៌ គឺស្ថិតនៅលើយើងទាំងអស់គ្នា។
ការថ្លែងរបស់លោកជំទាវ នេត្រ ភូម៉ារី យ៉ាងដូច្នេះ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី “ តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ” នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោកជំទាវ រដ្ឋលេខាធិការ បន្តថា យើងត្រូវនាំគ្នាអនុវត្តឱ្យបានសមរម្យត្រូវធ្វើជាប្រជាពលរដ្ឋល្អ ថ្លៃថ្នូរ រស់នៅក្នុងប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ រូបី អរូបី និងមានសីលធម៌ប្រពៃណីដ៏ល្អផូរផង់ ទទួលបានការកោតសរសើរពីប្រទេសនានាលើសកលលោក។ គេស្ងប់ស្ងែង កោតសរសើរដល់បុព្វបុរសដូនតាយើង ដែលលោកបានបន្សល់ទុកឱ្យយើងនូវសីលធម៌រស់នៅល្អ ទាំងអក្សរសាស្រ្ត ទាំងរូបចម្លាក់ ដែលមានភាពរស់រវើកគួរជាទីចាប់អារម្មណ៍។ ដូច្នេះដើម្បីជាកិច្ចតបស្នងដល់បុព្វបុរសយើង យើងជាកូនចៅជំនាន់ក្រោយត្រូវចូលរួមថែរក្សាវប្បធម៌ ប្រពៃណី សីលធម៌ និងទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារឱ្យបានជាដាច់ខាត។
លោកជំទាវ នេត្រ ភូម៉ារី សូមឲ្យលោកជំទាវ ឯកឧត្តម លោក លោកស្រីអ្នកនាងកញ្ញា និងអង្គសិក្ខាសាលាទាំងមូលមេត្តាអនុវត្តតាមអនុសាសន៍១២ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងផែនការសកម្មភាពការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាននិងក្រសួងពាក់ព័ន្ធត្រូវសហការគ្នាត្រួតពិនិត្យ តាមដានជាប្រចាំនូវខ្លឹមសារ និងរូបភាព និងការសម្តែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាពនិងការសម្តែងផ្ទាល់ ដោយមានវិធានការក្នុងគោលបំណងអប់រំ និងថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ កិត្តិយស សេចក្តីថ្លៃថ្នូរបស់ជាតិយើង។ ដូច្នេះដើម្បីឆ្លើយតបនឹងអនុសាសន៍ដ៏មានខ្លឹមសារនេះ សូមយើងទាំងអស់គ្នាជាប្រជាពលរដ្ឋកម្ពុជាទាំងអស់។ ដោយឡែកឯកឧត្តម លោកជំទាវជាផលិតករសិល្បកររួមគ្នាថែរក្សា សីលធម៌សង្គមឱ្យបានល្អ ប្រព្រឹត្តល្អ ដោយកាយដោយវាចារ និងដោយចិត្តរួមគ្នា រស់នៅក្នងសង្គមមួយដែលគ្មានអំពើហិង្សាគ្មានការវាយប្រហារគ្នាដោយពាក្យសំដីអាសអាភាស ទាំងក្នុងបណ្តាញសង្គមទាំងក្នុងមជ្ឈដ្ឋានទូទៅ។ សីលធម៌ គុណធម៌ សាមគ្គីធម៌ ធ្វើឱ្យសង្គមមួយមានយុត្តិធម៌ សច្ចៈធម៌ ប្រជាធិបតេយ្យ និងសន្តិភាពប្រកបដោយសុភមង្គល និងកិច្ចអភិវឌ្ឍន៍ និងធ្វើឱ្យសីលធម៌សង្គម មានការលើកកម្ពស់កាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ៖ រដ្ឋា




















