
តុលាការអ៊ីស្រាអែលកាលពីថ្ងៃពុធ បានតម្កល់ការហាមឃាត់រយៈពេល ៣៥ថ្ងៃ លើប្រតិបត្តិការរបស់សារព័ត៌មាន Al Jazeera ក្នុងប្រទេសអ៊ីស្រាអែល ដែលបានដាក់ដោយរដ្ឋាភិបាលលើហេតុផលសន្តិសុខជាតិ ហើយរដ្ឋមន្ត្រីមួយរូប បាននិយាយថា លោកសង្ឃឹមថា នឹងបន្តការហាមឃាត់នេះរយៈពេល ៤៥ថ្ងៃទៀតនៅពេលដែលវាផុតកំណត់ នៅថ្ងៃសៅរ៍។
អាជ្ញាធរអ៊ីស្រាអែល បានវាយឆ្មក់បន្ទប់សណ្ឋាគារមួយនៅទីក្រុងហ្ស៊េរុយសាឡឹម ដែលប្រើប្រាស់ដោយ Al Jazeera ជាការិយាល័យរបស់ខ្លួន កាលពីថ្ងៃទី៥ ខែឧសភា ហើយបាននិយាយថា ពួកគេកំពុងបិទប្រតិបត្តិការសម្រាប់រយៈពេលនៃសង្រ្គាមហ្កាហ្សា ដោយចោទប្រកាន់សារព័ត៌មាននេះថា បានលើកទឹកចិត្តឲ្យមានអរិភាពប្រឆាំងនឹងអ៊ីស្រាអែល។
សារព័ត៌មាន Al Jazeera បានច្រានចោលការចោទប្រកាន់នេះថា ជា «ការកុហកដ៏គ្រោះថ្នាក់ និងគួរឲ្យ អស់សំណើច» ដែលធ្វើឲ្យអ្នកសារព័ត៌មានរបស់ខ្លួន ប្រឈមនឹងហានិភ័យ។
សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃពុធ បានអនុម័តឡើងវិញនូវការហាមឃាត់រយៈពេល ៣៥ថ្ងៃ រហូតដល់ថ្ងៃទី៨ ខែមិថុនា។
ចៅក្រមតុលាការសហព័ន្ធនៅទីក្រុងតែលអាវីវ ( Tel Aviv) លោក Shai Yaniv បាននិយាយថា ខ្លួនត្រូវបានផ្តល់ភ័ស្តុតាង ដែលខ្លួនមិនបានបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងជិតស្និទ្ធរវាងក្រុមឥស្លាមប៉ាឡេស្ទីនហាម៉ាស និងទូរទស្សន៍ Al Jazeera ដែលគាំទ្រដោយប្រទេសកាតា ដោយចោទប្រកាន់ប៉ុស្តិ៍នេះថា បានផ្សព្វផ្សាយគោលដៅរបស់ក្រុមហាម៉ាស។